កាលពីប៉ុន្មានខែមុន យើងបានចែករំលែកអត្ថបទមួយស្តីអំពីកំហុសឆ្គងទូទៅបំផុត 5យ៉ាងរបស់សុភាពបុរស និងសុភាពនារីក្នុងការថែទាំស្បែក វាគឺជាអត្ថបទដ៏ពេញនិយមបំផុតនៅលើប្លក់របស់យើង ដូច្នេះយើងបានសម្រេចចិត្តក្នុងការចែករំលែកអត្ថបទថ្មីមួយទៀត ដើម្បីផ្តល់ជូនដំបូន្មានល្អៗបន្ថែមទៀតសម្រាប់លោកអ្នកដែលកំពុងតាមដាន។
ប្រសិនបើអ្នកខកខានក្នុងការអានអត្ថបទទី១ សូមអាននៅទីនេះ។
តើអ្នកបានត្រៀមខ្លួនហើយឬនៅ ក្នុងការស្វែងយល់ពីកំហុសឆ្គងនៃការថែរក្សាស្បែក 5យ៉ាង ដែលអ្នកត្រូវជៀសវាងក្នុងឆ្នាំ 2023? តោះចាប់ផ្តើមអានទាំងអស់គ្នា។
ការប្រើប្រាស់ផលិតផលថែទាំស្បែកដែលមានតម្លៃទាប
បញ្ហាចំបងនៃការប្រើប្រាស់ផលិតផលថែទាំស្បែកដែលមានតម្លៃទាប ពោលគឺផលិតផលទាំងអស់នោះជារឿយៗ គឺត្រូវបានផលិតដោយក្រុមហ៊ុនដែលប្រើគ្រឿងផ្សំមានគុណភាពទាប។ បញ្ហានៃគ្រឿងផ្សំទាំងអស់នោះ ពោលគឺវាអាចបង្កគ្រោះថ្នាក់ដល់ស្បែក ឬគ្មានប្រសិទ្ធភាព។ ក្នុងករណីល្អបំផុតនោះគឺ វាអាចផ្ដល់ប្រសិទ្ធភាពរយៈពេលខ្លី។ ប៉ុន្តែវានឹងធ្វើឱ្យខូចស្បែករបស់អ្នក។ ហេតុអ្វី? ដោយសារតែឡេផ្ដល់ជាតិសំណើមដែលមានគុណភាពទាប មិនអាចផ្ដល់ជាតិសំណើមបានគ្រប់គ្រាន់សម្រាប់ស្បែករបស់អ្នកនោះទេ។ វាក៏ដូចគ្នាដែរសម្រាប់ឡេការពារកម្តៅថ្ងៃដែលមានគុណភាពទាប ពោលគឺវាមានប្រសិទ្ធភាពទាបក្នុងការការពារស្បែកពីកាំរស្មីព្រះអាទិត្យ។ អ្នកប្រហែលជាគិតថាអ្នកបានការពារស្បែករបស់អ្នក ប៉ុន្តែវាមិនបានជួយអ្វីទាំងអស់។
ស្បែករបស់អ្នកត្រូវការការមើលថែដ៏ល្អបំផុត ដូច្នេះសូមជ្រើសរើសផលិតផលឱ្យបានហ្មត់ចត់ ហើយត្រៀមខ្លួនជាស្រេចក្នុងការចំណាយលុយដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចាត់ទុកវាជាការវិនិយោគយូរអង្វែងសម្រាប់សម្រស់ និងគុណភាពជីវិតនាពេលអនាគតរបស់អ្នក។
ងូតទឹកដែលមានសីតុណ្ហភាពក្តៅខ្លាំង
មនុស្សជាច្រើននិយាយថា ពួកគេមានអារម្មណ៍ល្អខ្លាំងនៅពេលបានងូតទឹកក្តៅខ្លាំងក្នុងសីតុណ្ហភាពមួយដែលស្បែកពួកគេអាចទ្រាំទ្របាន។ វាអាចនឹងមានអារម្មណ៍ល្អក្នុងខណៈនោះ ប៉ុន្តែវាពិតជាប៉ះពាល់យ៉ាងខ្លាំងចំពោះស្បែករបស់យើង។
ស្បែករបស់យើងមិនអាចទ្រទង់នឹងកំដៅខ្ពស់បែបនេះបានឡើយ ជាពិសេសបើប៉ះពាល់ជារៀងរាល់ថ្ងៃ។ គួរប្រុងប្រយ័ត្ន ព្រោះអ្នកអាចធ្វើឱ្យខូចខាតស្រទាប់ការពារខាងក្រៅរបស់ស្បែក។ ប្រសិនបើអ្នកងូតទឹកក្តៅខ្លាំងជាប្រចាំ អ្នកអាចបង្កការខូចខាតជាអចិន្ត្រៃយ៍ដល់ស្បែករបស់អ្នក។ អ្នកប្រហែលជាមិនឃើញពីគុណវិបត្តិភ្លាមៗឡើយ ប៉ុន្តែការប៉ះពាល់ជាមួយនឹងកម្ដៅក្ដៅជ្រុលអាចធ្វើឱ្យរលាកស្បែក ឬធ្វើឱស្បែកស្ងួតខ្លាំងនាពេលខាងមុខ។
ដំបូន្មាននេះគឺសម្រាប់ទាំងផ្ទៃមុខ ដៃ និងរាងកាយរបស់អ្នក។ ជៀសវាងការងូតទឹកដែលក្តៅជ្រុល។
ងូតទឹកញឹកញាប់ពេក ឬយូរពេក
នៅពេលដែលយើងងូតទឹកយូរជ្រុល វានឹងធ្វើឱ្យបាត់បង់សារធាតុប្រេងពីធម្មជាតិរបស់ស្បែកដែលបណ្តាលឱ្យមានស្នាមប្រេះស្ងួត ហើយថែមទាំងអាចបង្កើនដំណើរការនៃភាពចាស់ទៀតផង។
ស្បែករបស់យើងមិនអាចទ្រទ្រង់នឹងការត្រាំទឹកក្តៅយូរពេកឡើយ។ វាធ្វើឱ្យស្បែករបស់យើងទន់ខ្លាំង និងធ្វើឱ្យស្រទាប់ការពារធម្មជាតិចុះខ្សោយ។ ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម អ្នកកាន់តែត្រូវមានការប្រុងប្រយ័ត្ន។
ប្រសិនបើអ្នកចង់មើលទៅក្មេងជាងវ័យ ចូរចាប់ផ្តើមងូតទឹកក្នុងរយៈពេលខ្លីជាងមុន។ អ្នកនឹងអរគុណខ្លួនឯងនាពេលអនាគត!
មិនបានពិសារទឹកនៅព្រឹកព្រលឹម
នៅពេលដែលយើងខកខានពិសាទឹកឱ្យបានគ្រប់គ្រាន់ ស្បែករបស់យើងអាចនឹងខ្សោះជាតិទឹក ងាយប្រតិកម្ម តឹង និងស្ងួត។ វាធ្វើឱ្យស្បែករបស់យើងមើលទៅមានសុខភាពមិនល្អ។ ផ្ទុយទៅវិញ នៅពេលដែលអ្នកពិសាទឹកបានគ្រប់គ្រាន់ ស្បែករបស់អ្នកនឹងមើលទៅមានសុខភាពល្អ ទន់ និងមានភាពលេចធ្លោ។
ដំណោះស្រាយដ៏ល្អបំផុតដើម្បីធានាថាអ្នកទទួលបានទឹកគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ គឺការចាប់ផ្ដើមពិសាទឹកពីព្រឹកព្រលឹម។ ពេលចាប់ផ្ដើមថ្ងៃថ្មី រឿ៎ងដំបូងនៅក្នុងគំនិតរបស់អ្នកគួរតែ «ដល់ពេលត្រូវផ្តល់ជាតិទឹកហើយ!»
ការពិតអំពីជាតិទឹក គឺវាត្រូវចំណាយពេលរហូតដល់ 4 ម៉ោងដើម្បីជ្រាបចូលក្នុងចរន្តឈាមរបស់អ្នក។ នោះគឺជាហេតុផលបន្ថែមក្នុងការទុកដបទឹកនៅជិតគ្រែរបស់អ្នក ដូច្នេះនៅពេលអ្នកភ្ញាក់ពីគេងភ្លាម អ្នកអាចពិសាទឹកបានភ្លាម។
ពិសានំ ជាតិស្ករ ជាតិអំបិល និងខ្លាញ់មិនល្អច្រើនពេក
ដូចដែលគេនិយាយអ៉ីចឹង «អ្នកគឺជាអ្វីដែលអ្នកញ៉ាំ» ។ ដូចគ្នានេះដែរ ស្បែករបស់អ្នកនឹងឆ្លុះបញ្ចាំងពីអាហារដែលអ្នកបានទទួលទាន។ ប្រសិនបើអ្នកពិសារអាហារដែលមានសារធាតុចិញ្ចឹមគុណភាពទាប វានឹងបង្ហាញនៅលើស្បែករបស់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានអាហាររូបត្ថម្ភដែលមានគុណភាពខ្ពស់ ស្បែករបស់អ្នកនឹងភ្លឺចែងចាំង។
សម្រាប់មនុស្សមួយចំនួន វាហាក់ដូចជាពួកគេអាចពិសាអ្វីតាមចិត្ត ដោយមិនមានឥទ្ធិពលខ្លាំងលើសុខភាពស្បែករបស់ពួកគេឡើយ។ ការពិតទៅគឺវានឹងជះឥទ្ធិពលនៅពេលអាយុកាន់តែចាស់។ នោះហើយជាមូលហេតុដែលការរៀបចំរបបអាហារដែលមានសុខភាពល្អ គឺជាកត្តាដ៏សំខាន់នៃការថែរក្សាស្បែក។
សេចក្តីសន្និដ្ឋាន
ស្រមៃទៅ 10 ឆ្នាំនាពេលអនាគត។ មនុស្សជាច្រើនជុំវិញពិភពលោកនឹងដឹងពីដំបូន្មានទាំងអស់នេះយឺតពេល ឬមិនអើពើពីវា ហើយពួកគេនឹងនិយាយទាំងស្ដាយក្រោយថា «ប្រសិនបើអាចវិលទៅ 10ឆ្នាំមុនវិញ ខ្ញុំនឹងធ្វើការសម្រេចចិត្តឱ្យល្អជាងនេះ!» តើអ្នកនឹងជាម្នាក់ក្នុងចំណោមពួកគេឬ?
ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវសម្រាប់ស្បែករបស់អ្នកនៅថ្ងៃនេះ ហើយអ្នកនឹងមិនមានការសោកស្តាយនៅថ្ងៃអនាគត។
ប្រសិនបើអ្នកមានសំណួរបន្ថែមអំពីប្រភេទស្បែករបស់អ្នក និងរបៀបដែលអ្នកអាចថែរក្សាស្បែករបស់អ្នកបានប្រសើរជាងមុន សូមទាក់ទងអ្នកជំនាញរបស់យើងសម្រាប់ការពិគ្រោះយោបល់។ ស្បែករបស់មនុស្សគ្រប់រូបគឺខុសគ្នា ដូច្នេះវាជាការល្អបំផុតក្នុងការទទួលបានមតិវិជ្ជាជីវៈដែលផ្តោតលើអ្នកជាជាងពឹងផ្អែកលើដំបូន្មានទូទៅ។
សូមអរគុណសម្រាប់ការអានរបស់អ្នក!
Recent Comments