កាលពីប៉ុន្មានខែមុន យើងបានចែករំលែកអត្ថបទមួយស្តីអំពីកំហុសឆ្គងទូទៅបំផុត 5យ៉ាងរបស់សុភាពបុរស និងសុភាពនារីក្នុងការថែទាំស្បែក វាគឺជាអត្ថបទដ៏ពេញនិយមបំផុតនៅលើ​ប្លក់របស់យើង ដូច្នេះយើងបាន​សម្រេច​ចិត្តក្នុងការ​ចែករំលែកអត្ថបទថ្មីមួយទៀត​ ដើម្បី​ផ្តល់ជូនដំបូន្មានល្អៗបន្ថែមទៀតសម្រាប់លោកអ្នកដែលកំពុងតាមដាន។

ប្រសិនបើអ្នកខកខានក្នុងការអានអត្ថបទទី១ សូមអាននៅទីនេះ។

តើ​អ្នក​បាន​ត្រៀម​ខ្លួនហើយឬនៅ ក្នុងការស្វែងយល់ពីកំហុស​ឆ្គងនៃការថែរក្សា​ស្បែក​ 5យ៉ាង ដែល​អ្នកត្រូវ​ជៀសវាង​ក្នុង​ឆ្នាំ 2023? តោះ​ចាប់ផ្តើមអានទាំងអស់គ្នា។

ការប្រើប្រាស់ផលិតផលថែទាំស្បែកដែលមានតម្លៃទាប

បញ្ហាចំបងនៃការប្រើប្រាស់ផលិតផលថែទាំស្បែកដែលមានតម្លៃទាប ពោលគឺផលិតផលទាំងអស់នោះជារឿយៗ គឺត្រូវបានផលិតដោយក្រុមហ៊ុនដែលប្រើគ្រឿងផ្សំមានគុណភាពទាប។ បញ្ហានៃគ្រឿងផ្សំទាំងអស់នោះ​ ពោលគឺវាអាចបង្កគ្រោះថ្នាក់ដល់ស្បែក ឬគ្មានប្រសិទ្ធភាព។​ ក្នុងករណីល្អបំផុតនោះគឺ វាអាចផ្ដល់ប្រសិទ្ធភាពរយៈពេលខ្លី។ ប៉ុន្តែវានឹងធ្វើឱ្យខូចស្បែករបស់អ្នក។ ហេតុអ្វី? ដោយសារតែឡេផ្ដល់ជាតិសំណើមដែលមានគុណភាពទាប មិនអាចផ្ដល់ជាតិសំណើមបានគ្រប់គ្រាន់សម្រាប់ស្បែករបស់អ្នកនោះទេ។ វាក៏ដូចគ្នាដែរសម្រាប់ឡេការពារកម្តៅថ្ងៃដែលមានគុណភាពទាប ពោលគឺវាមានប្រសិទ្ធភាពទាបក្នុងការការពារស្បែកពីកាំរស្មីព្រះអាទិត្យ។ អ្នកប្រហែលជាគិតថាអ្នកបានការពារស្បែករបស់អ្នក ប៉ុន្តែវាមិនបានជួយអ្វីទាំងអស់។ 

ស្បែករបស់អ្នកត្រូវការការមើលថែដ៏ល្អបំផុត ដូច្នេះសូមជ្រើសរើសផលិតផលឱ្យបានហ្មត់ចត់ ហើយត្រៀមខ្លួនជាស្រេចក្នុងការចំណាយលុយដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចាត់ទុកវាជាការវិនិយោគយូរអង្វែងសម្រាប់សម្រស់ និងគុណភាពជីវិតនាពេលអនាគតរបស់អ្នក។

ងូតទឹកដែលមានសីតុណ្ហភាពក្តៅខ្លាំង

មនុស្ស​ជា​ច្រើន​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ល្អ​ខ្លាំងនៅពេលបាន​ងូតទឹក​ក្តៅ​ខ្លាំងក្នុងសីតុណ្ហភាពមួយដែល​ស្បែក​​ពួក​គេ​អាច​ទ្រាំទ្រ​បាន។ វា​អាច​នឹង​មាន​អារម្មណ៍​ល្អ​ក្នុង​ខណៈនោះ ប៉ុន្តែ​វាពិតជាប៉ះពាល់យ៉ាងខ្លាំងចំពោះ​ស្បែក​របស់​យើង។

ស្បែករបស់យើងមិនអាចទ្រទង់នឹងកំដៅខ្ពស់បែបនេះបានឡើយ ជាពិសេសបើប៉ះពាល់ជារៀងរាល់ថ្ងៃ។ គួរប្រុងប្រយ័ត្ន ព្រោះអ្នកអាចធ្វើឱ្យខូចខាតស្រទាប់ការពារខាងក្រៅរបស់ស្បែក។ ប្រសិនបើអ្នកងូតទឹកក្តៅខ្លាំងជាប្រចាំ អ្នកអាចបង្កការខូចខាតជាអចិន្ត្រៃយ៍ដល់ស្បែករបស់អ្នក។ អ្នក​ប្រហែល​ជា​មិន​ឃើញពី​គុណវិបត្តិ​ភ្លាមៗ​ឡើយ ប៉ុន្តែ​ការ​ប៉ះពាល់ជាមួយនឹងកម្ដៅក្ដៅជ្រុល​អាចធ្វើឱ្យរលាកស្បែក ឬធ្វើឱស្បែកស្ងួតខ្លាំងនាពេលខាងមុខ។

ដំបូន្មាននេះគឺសម្រាប់ទាំងផ្ទៃមុខ ដៃ និងរាងកាយរបស់អ្នក។ ជៀសវាងការងូតទឹកដែលក្តៅជ្រុល។

ងូតទឹកញឹកញាប់ពេក ឬយូរពេក

នៅពេលដែលយើងងូតទឹកយូរជ្រុល វានឹងធ្វើឱ្យបាត់បង់សារធាតុប្រេងពីធម្មជាតិរបស់ស្បែកដែលបណ្តាលឱ្យមានស្នាមប្រេះស្ងួត ហើយថែមទាំងអាចបង្កើនដំណើរការនៃភាពចាស់ទៀតផង។

ស្បែករបស់យើងមិនអាចទ្រទ្រង់នឹងការត្រាំទឹកក្តៅយូរពេកឡើយ។ វាធ្វើឱ្យស្បែករបស់យើងទន់ខ្លាំង និងធ្វើឱ្យស្រទាប់ការពារធម្មជាតិចុះខ្សោយ។ ប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម អ្នកកាន់តែត្រូវមានការប្រុងប្រយ័ត្ន។ 

ប្រសិនបើអ្នកចង់មើលទៅក្មេងជាងវ័យ ចូរចាប់ផ្តើមងូតទឹកក្នុងរយៈពេលខ្លីជាងមុន។ អ្នកនឹងអរគុណខ្លួនឯងនាពេលអនាគត!

មិនបានពិសារទឹកនៅព្រឹកព្រលឹម

នៅពេលដែលយើងខកខានពិសាទឹកឱ្យបានគ្រប់គ្រាន់ ស្បែករបស់យើងអាចនឹងខ្សោះជាតិទឹក ងាយប្រតិកម្ម តឹង និងស្ងួត។ វាធ្វើឱ្យស្បែករបស់យើងមើលទៅមានសុខភាពមិនល្អ។ ផ្ទុយទៅវិញ នៅពេលដែលអ្នកពិសាទឹកបានគ្រប់គ្រាន់ ស្បែករបស់អ្នកនឹងមើលទៅមានសុខភាពល្អ ទន់ និងមានភាពលេចធ្លោ។

ដំណោះស្រាយដ៏ល្អបំផុតដើម្បីធានាថាអ្នកទទួលបានទឹកគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ គឺការចាប់ផ្ដើមពិសាទឹកពីព្រឹកព្រលឹម។ ពេលចាប់ផ្ដើមថ្ងៃថ្មី រឿ៎ងដំបូងនៅក្នុងគំនិតរបស់អ្នកគួរតែ «ដល់ពេលត្រូវផ្តល់ជាតិទឹកហើយ!»

ការពិតអំពីជាតិទឹក គឺវាត្រូវចំណាយពេលរហូតដល់ 4 ម៉ោងដើម្បីជ្រាបចូលក្នុងចរន្តឈាមរបស់អ្នក។ នោះគឺជាហេតុផលបន្ថែមក្នុងការទុកដបទឹកនៅជិតគ្រែរបស់អ្នក ដូច្នេះនៅពេលអ្នកភ្ញាក់ពីគេងភ្លាម អ្នកអាចពិសាទឹកបានភ្លាម។

ពិសានំ ជាតិស្ករ ជាតិអំបិល និងខ្លាញ់មិនល្អច្រើនពេក

ដូចដែលគេនិយាយអ៉ីចឹង «អ្នកគឺជាអ្វីដែលអ្នកញ៉ាំ» ។ ដូចគ្នានេះដែរ ស្បែករបស់អ្នកនឹងឆ្លុះបញ្ចាំងពីអាហារដែលអ្នកបានទទួលទាន។ ប្រសិនបើអ្នកពិសារអាហារដែលមានសារធាតុចិញ្ចឹមគុណភាពទាប វានឹងបង្ហាញនៅលើស្បែករបស់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានអាហាររូបត្ថម្ភដែលមានគុណភាពខ្ពស់ ស្បែករបស់អ្នកនឹងភ្លឺចែងចាំង។

សម្រាប់​មនុស្ស​មួយ​ចំនួន វា​ហាក់​ដូច​ជាពួកគេអាចពិសា​អ្វីតាមចិត្ត ​ដោយ​មិន​មាន​ឥទ្ធិពល​ខ្លាំង​លើ​សុខភាព​ស្បែក​របស់​ពួកគេ​ឡើយ។ ការពិតទៅគឺវានឹងជះឥទ្ធិពលនៅពេលអាយុកាន់តែចាស់។ នោះហើយជាមូលហេតុដែលការរៀបចំរបបអាហារដែលមានសុខភាពល្អ គឺជាកត្តាដ៏សំខាន់នៃការថែរក្សាស្បែក។

សេចក្តីសន្និដ្ឋាន

ស្រមៃទៅ 10 ឆ្នាំនាពេលអនាគត។ មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក​នឹងដឹងពីដំបូន្មានទាំងអស់នេះយឺត​ពេល ឬ​មិន​អើពើ​ពីវា ហើយ​ពួកគេ​នឹង​និយាយ​ទាំងស្ដាយក្រោយថា «ប្រសិនបើអាចវិលទៅ 10ឆ្នាំមុន​វិញ ខ្ញុំនឹងធ្វើការសម្រេចចិត្តឱ្យល្អជាងនេះ!» តើអ្នកនឹងជាម្នាក់ក្នុងចំណោមពួកគេឬ?

ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវសម្រាប់ស្បែករបស់អ្នកនៅថ្ងៃនេះ ហើយអ្នកនឹងមិនមានការសោកស្តាយនៅថ្ងៃអនាគត។

ប្រសិនបើអ្នកមានសំណួរបន្ថែមអំពីប្រភេទស្បែករបស់អ្នក និងរបៀបដែលអ្នកអាចថែរក្សាស្បែករបស់អ្នកបានប្រសើរជាងមុន សូមទាក់ទងអ្នកជំនាញរបស់យើងសម្រាប់ការពិគ្រោះយោបល់។ ស្បែក​របស់​មនុស្ស​គ្រប់រូប​គឺ​ខុស​គ្នា ដូច្នេះ​វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​ទទួល​បាន​មតិ​វិជ្ជាជីវៈ​ដែល​ផ្តោត​លើ​អ្នក​ជាជាង​ពឹង​ផ្អែក​លើ​ដំបូន្មាន​ទូទៅ។

សូមអរគុណសម្រាប់ការអានរបស់អ្នក!

Proud to be ethical ♥