មុនជាបញ្ហាស្បែកដែលកើតឡើងជាប់រហូត ហើយវាប៉ះពាល់ដល់មនុស្សគ្រប់វ័យ។ ខណៈដែលការព្យាបាល និងទម្លាប់ថែទាំស្បែកប្រចាំថ្ងៃដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាមុន ប៉ុន្តែត្រូវចងចាំថារបបអាហារក៏រួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការទទួលបានស្បែកស្រស់ថ្លា មានសុខភាពល្អ និងអស់មុន។
ដោយគ្រាន់តែបញ្ចូលអាហារមួយចំនួនទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក អ្នកអាចកាត់បន្ថយការឡើងមុនបានយ៉ាងប្រសិទ្ធភាព និងទទួលបានស្បែកភ្លឺថ្លាម៉ដ្ឋរលោង។ នៅក្នុងអត្ថបទនេះ ពួកយើងនឹងចែករំលែកពីប្រភេទអាហារល្អបំផុតចំនួន 10 ដើម្បីរារាំងការឡើងមុន!
#1៖ បន្លែបៃតង
បន្លែបៃតង ដូចជា ស្ពៃបូកគោ ស្ពៃតឿ និងស្ពៃចង្ កឹះសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ រួមមាន វីតាមីន A និង វិតាមីនC។ វីតាមីន A មានមុខងារគ្រប់គ្រងការផលិតប្រេងនៅក្នុងស្បែក និងការពារការស្ទះរន្ធញើស ខណៈដែលវីតាមីន C ជំរុញការផលិតកូឡាជែន និងជម្រុះកោសិកាស្បែកចាស់។ វីតាមីនទាំងពីរប្រភេទនេះធ្វើការរួមគ្នាដើម្បីធ្វើឱ្យសុខភាពស្បែកទាំងមូលរបស់អ្នកកាន់តែប្រសើរជាងមុន ខណៈដែលកាត់បន្ថយហានិភ័យនៃការកើតមុន ហើយលើសពីនេះ បន្លែបៃតងប្រភេទនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងនឹងរ៉ាឌីកាល់សេរី និងការពារស្បែកពីភាពតានតឹងបណ្ដាលមកពីអុកស៊ីតកម្ម ដែលរួមចំណែកធ្វើឱ្យស្បែកកាន់តែភ្លឺថ្លា។
#2៖ ផ្លែប៊ឺរី
ផ្លែប៊ឺរី ដូចជា ប៊្លូបឺរី ស្ត្របឺរី និងរ៉ាបប៊ឺរី គឺជាប្រភពអាហារូបត្ថម្ភដែលផ្តល់អត្ថប្រយោជន៍ដល់ស្បែកយ៉ាងសម្បូរបែប។ ផ្លែឈើទាំងអស់នេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា anthocyanins និងវីតាមីន C ដែលបន្សាបរ៉ាឌីកាល់សេរី និងកាត់បន្ថយការរលាក។ សមាសធាតុទាំងនេះអាចជួយកាត់បន្ថយការឡើងកន្ទួលក្រហម និងការរលាកដែលបង្កដោយមុន។ ជាងនេះទៅទៀត ផ្លែប៊ឺរីមានសន្ទស្សន៍ glycemic ទាប ដែលនេះមានន័យថាវាមានផលប៉ះពាល់តិចតួចបំផុតលើកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយហានិភ័យនៃអតុល្យភាពអ័រម៉ូនដែលអាចបង្កឱ្យកើតមុន។
#3៖ ត្រី
ត្រីដែលសម្បូរខ្លាញ់ ដូចជា ត្រីសាលម៉ុន ម៉ាកែរ៉េល និងត្រីសាឌីន គឺជាប្រភពដ៏សំខាន់នៃអាស៊ីតខ្លាញ់ Omega-3 ជាពិសេស EPA និង DHA ។ Omega-3 មានអត្ថប្រយោជន៍ក្នុងការប្រឆាំងនឹងការរលាកបានយ៉ាងល្អ ដែលអាចដោះស្រាយបញ្ហារលាកស្បែក និងធ្វើឱ្យមុនធូរស្រាលឡើងវិញ។ ខ្លាញ់សំខាន់ៗទាំងនេះក៏ជួយរក្សាជាតិសំណើម និងធ្វើឱ្យស្បែកទន់រលោង។ ការបរិភោគត្រីទៀងទាត់ជួយឱ្យស្បែកភ្លឺថ្លា និងម៉ដ្ឋរលោង។
#4៖ គ្រាប់ធញ្ញជាតិ
គ្រាប់អាល់ម៉ុន គ្រាប់ Walnut គ្រាប់ flax និងគ្រាប់ chia សម្បូរទៅដោយជាតិខ្លាញ់បែបសុខភាព ពិសេសគឺ Omega-3 ដែលចាំបាច់សម្រាប់ការថែបំប៉នសុខភាពស្បែក។ អាស៊ីតខ្លាញ់ Omega-3 ជួយគ្រប់គ្រងការរលាក និងធ្វើឱ្យមានតុល្យភាពនៃការផលិតសារធាតុប្រេង sebum កាត់បន្ថយការស្ទះរន្ធញើស និងស្នាមមុន។ លើសពីនេះ គ្រាប់ធញ្ញជាតិមានវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយទៀត ដែលការពារស្បែកពីរ៉ាឌីកាល់សេរី ខណៈដែលជំរុញការជួសជុលធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ ការទទួលទានគ្រាប់ធញ្ញជាតិជាអាហារសម្រន់ ឬការបន្ថែមវាទៅក្នុងអាហាររបស់អ្នក គឺជាវិធីដ៏ល្អក្នុងការចិញ្ចឹមស្បែករបស់អ្នកពីស្រទាប់ខាងក្នុង។
#5៖ អាហារសម្បូរសារធាតុប្រូបាយអូទិក
សុខភាពពោះវៀនមានភាពពាក់ព័ន្ធគ្នានឹងសុខភាពស្បែក ដោយហេតុនេះហើយការទទួលទានអាហារដែលសំបូរទៅដោយសារធាតុប្រូបាយអូទិក (Probiotics) នឹងផ្ដល់ផលវិជ្ជមានចំពោះស្បែករបស់អ្នក ពិសេសស្បែកដែលងាយកើតមុន។ ប្រូបាយអូទិក គឺជាបាក់តេរីមានប្រយោជន៍ដែលមានមុខងារជួយឱ្យដំណើរការមីក្រូជីវសាស្រ្តពោះវៀនមានសុខភាពល្អ ជួយគ្រប់គ្រងការរលាក និងពង្រឹងមុខងារប្រព័ន្ធភាពស៊ាំទាំងមូល។ ទឹកដោះគោជូរ kefir និង sauerkraut គឺជាប្រភពនៃសារធាតុប្រូបាយអូទិកយ៉ាងសម្បូរបែប ដែលអាចជួយសម្រួលពោះវៀន នងរួមចំណែកធ្វើឱ្យស្បែកស្រស់ស្អាត និងមានសុខភាពល្អ។
#6៖ តែបៃតង
តែបៃតងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព រួមទាំងសុខភាពស្បែកផងដែរ។ តែបៃតងសម្បូរទៅដោយសារធាតុ polyphenols និង catechins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកដ៏មានប្រសិទ្ធភាព។ សមាសធាតុទាំងនេះអាចកាត់បន្ថយការផលិតសារធាតុខ្លាញ់ sebum ប្រឆាំងនឹងការរលាកដែលបង្កដោយមុន និងការពារស្បែកពីការខូចខាតអុកស៊ីតកម្មដែលបណ្តាលមកពីកត្តាបរិស្ថាន។ ការផឹកតែបៃតងជាប្រចាំ ឬការលាបស្បែកជាមួយតែបៃតង រួមចំណែកក្នុងការធ្វើឱ្យស្បែកមានភាពស្រស់ស្អាត។
#7៖ អង្ករសុទ្ធ
ការផ្លាស់ប្តូរទៅពិសាអង្ករសំរូប អង្ករ quinoa និងនំបុ័ងស្រូវសាលី នឹងផ្ដល់ផលវិជ្ជមានដល់ស្បែរបស់អ្នកក្នុងការប្រឆាំងនឹងការឡើងមុន។ អង្ករសុទ្ធមានសន្ទស្សន៍ glycemic ទាបជាងអង្ករចម្រាញ់ ដែលមានន័យថាវាអាចរក្សាស្ថិរភាពជាតិស្ករក្នុងឈាម។ អាហារដែលមានសន្ទស្សន៍ glycemic ខ្ពស់បណ្តាលឱ្យមានការកើនឡើងអាំងស៊ុយលីនដែលជំរុញការផលិត androgen និងបង្កឱ្យការកើតមុនជាបន្តបន្ទាប់។ ការពិសាអង្ករសុទ្ធមិនត្រឹមតែជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យនៃអតុល្យភាពអ័រម៉ូន និងធ្វើឱ្យស្បែកភ្លឺថ្លា។
#8៖ រមៀត
រមៀត គឺជាគ្រឿងទេសពដ៏ពេញនិយមសម្រាប់ម្ហូបឥណ្ឌា ដែលវាមានសមាសធាតុសកម្មមួយហៅថា curcumin។ Curcumin មានអត្ថប្រយោជន៍ក្នុងការប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឱ្យរមៀតក្លាយជាគ្រឿងផ្សំបន្ថែមដ៏ល្អសម្រាប់លោកអ្នកដែលចង់កាត់បន្ថយមុន។ រមៀតអាចទប់ស្កាត់បញ្ហាកន្ទួលក្រហម និងហើមដែលបង្កដោយដំបៅមុន។ អ្នកអាចបញ្ចូលរមៀតទៅក្នុងរបបអាហាររបស់អ្នកដោយបន្ថែមវាទៅក្នុងសម្លការី ស៊ុប ទឹកក្រឡុក ឬសូម្បីតែជាអាហារបំប៉ន ប្រសិនបើត្រូវបានណែនាំដោយអ្នកឯកទេស។
#9៖ ប្រភេទផ្លែ Citrus
ប្រភេទផ្លែ Citrus ដូចជា ក្រូច ក្រូចថ្លុង និងក្រូចឆ្មា សម្បូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពស្បែក។ វីតាមីន C ចូលរួមក្នុងការសំយោគកូឡាជែន រួមចំណែកដល់ការពង្រឹងភាពយឺតនៃស្បែក និងព្យាបាលមុខរបួស។ លើសពីនេះ វាដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងបន្សាបរ៉ាឌីកាល់សេរីដែលអាចបំផ្លាញកោសិកាស្បែក ក៏ដូចជានាំទៅរកភាពចាស់មុនអាយុ និងការឡើងមុន។ ការទទួលទានផ្លែ Citrus ជាប្រចាំ ជួយឱ្យស្បែកមានសុខភាពល្អ និងធ្វើឱ្យមុនធូរស្រាលថែមទៀតផង។
#10៖ ពិសាទឹកឲ្យបានច្រើន
ការរក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ក្នងការថែរក្សាស្បែកឱ្យមានសុខភាពល្អ។ ទឹកជួយបណ្តេញជាតិពុលពីក្នុងខ្លួន ជួយសម្រួលដល់ការរំលាយអាហារ និងរក្សាជាតិសំណើមរបស់ស្បែក ដែលនាំឱ្យស្បែកភ្លឺថ្លាជាងមុន។ ការពិសាទឹកបានគ្រប់គ្រាន់ពេញមួយថ្ងៃ គឺជារឿងចាំបាច់សម្រាប់សុខភាពស្បែក និងសុខុមាលភាពរបស់អ្នក។
មតិចុងក្រោយ
ការទទួលទានអាហារទាំងអស់នេះ ផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពស្បែករបស់អ្នក ពិសេសជួយកាត់បន្ថយការកើតមុន។ យ៉ាងណាមិញ ត្រូវចងចាំថា ការឆ្លើយតបរបស់រាងកាយមកលើការផ្លាស់ប្តូររបបអាហារខុសប្លែកពីគ្នារវាងបុគ្គលម្នាក់ៗ។
ដើម្បីបង្កើនសុខភាពស្បែករបស់អ្នក សូមរៀបចំរបបអាហារមានតុល្យភាព រក្សាទម្លាប់ថែរក្សាស្បែកឱ្យបានជាប់លាប់ ការធ្វើលំហាត់ប្រាណទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីបញ្ហាមុនធ្ងន់ធ្ងរ ឬជាប់រហូត វេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែករបស់យើងអាចធ្វើការប្រឹក្សាយោបល់ផ្ទាល់ខ្លួនជូនលោកអ្នក ក៏ដូចជាណែនាំពីជម្រើសនៃការព្យាបាលស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់អ្នក។
សូមផ្ញើសារមកកាន់ពួកយើងតាមរយៈ https://facebook.com/eraclinickh ឬទូរសព្ទមកកាន់ 092 414000។ ពួកយើងត្រៀមខ្លួនក្នុងការជួយលោកអ្នក!
Recent Comments