ការរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានន័យថា អ្នកត្រូវប្រឈមមុខនឹងអាកាសធាតុក្តៅ និងសើមពេញមួយឆ្នាំ ដែលបង្កការលំបាកក្នុងការថែទាំស្បែកដែលងាយប្រតិកម្មរបស់បុត្រធីតាលោកអ្នក។ ក្នុងនាមជាឪពុកម្តាយ វាចាំបាច់ណាស់ក្នុងការបង្កើតទម្លាប់ថែទាំស្បែកត្រឹមត្រូវមួយដើម្បីការពារ និងថែបំប៉នស្បែករបស់បុត្រធីតាលោកអ្នក។

នៅក្នុងអត្ថបទនេះ ពួកយើងនឹងចែករំលែកមគ្គុទ្ទេសក៍ ដើម្បីជួយមាតាបិតានៅតំបន់អាស៊ីអាគ្នេយ៍បង្កើតទម្លាប់ថែទាំស្បែកដ៏មានប្រសិទ្ធភាពសម្រាប់កូនជាទីស្រលាញ់របស់អ្នក។ មិនថាអ្នកជាជនបរទេស ឬប្រជាជនក្នុងស្រុកឡើយ ដំបូន្មានទាំងអស់គឺសម្រាប់លោកអ្នក!

ហេតុអ្វី​ចាំបាច់ត្រូវមាន​ទម្លាប់​ថែទាំ​ស្បែក​សម្រាប់​កូនៗ​របស់​អ្នក?

ការបង្កើតទម្លាប់ថែទាំស្បែកសម្រាប់កុមារ គឺមានសារៈសំខាន់ជាច្រើន ដូចជា៖

ការពារពីការបង្កគ្រោះថ្នាក់ដោយពន្លឺព្រះអាទិត្យ

កម្ដៅព្រះអាទិត្យដ៏សែនក្តៅនៅតំបន់អាស៊ីអាគ្នេយ៍ អាចបណ្ដាលឱ្យរលាកស្បែក ភាពចាស់មុនអាយុ និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ ដោយបន្ថែមការការពារពីកម្តៅថ្ងៃទៅក្នុងទម្លាប់ថែទាំស្បែករបស់កូនៗលោកអ្នក ដូចជា ការលាបឡេការពារកម្តៅថ្ងៃ និងការស្លៀកពាក់បិទជិត អ្នកអាចជួយការពារស្បែករបស់ពួកគេពីកាំរស្មី UV ដែលអាចបង្កគ្រោះថ្នាក់។

ការពារស្បែកពីការឆ្លងមេរោគ

អាកាសធាតុសើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បង្កើតបរិយាកាសដ៏ល្អសម្រាប់ការលូតលាស់នៃបាក់តេរី និងផ្សិត ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគមកលើស្បែក។ ការលាងសម្អាតស្បែកបានទៀងទាត់ជួយកម្ចាត់ភាពកខ្វក់ ញើស និងជាតិពុលដែលអាចស្ទះរន្ធញើសដែលអាចបង្កឱ្យមានបញ្ហាស្បែក ដូចជា មុន និងកន្ទួលរមាស់។

តុល្យភាពជាតិទឹក និងជាតិសំណើម

កម្រិតជាតិសំណើមខ្ពស់ក្នុងបរិយាកាស អាចរំខានដល់ស្បែក ដែលអាចបង្កឱ្យស្បែកស្ងួត ឬឡើងប្រេងច្រើនជាដើម។ ការលាបឡេផ្តល់ជាតិសំណើមឱ្យកូនលោកអ្នក មានអត្ថប្រយោជន៍ក្នុងការរក្សាជាតិសំណើមឱ្យមានតុល្យភាព រារាំងបញ្ហាស្បែកស្ងួត និងបង្កើតរបាំងការពារប្រឆាំងនឹងកត្តាបរិស្ថាន រួមទាំងការបំពុលខ្យល់ថែមទៀតផង។

ការការពារពីជំងឺចម្លងដោយមូស

មូស​ជា​កង្វល់​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារ​វាអាច​ចម្លងជំងឺច្រើនមុខ។ ការការពារស្បែកកូនលោកអ្នកពីមូសខាំ អាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន ដូចជា គ្រុនឈាម គ្រុនចាញ់ និងការឆ្លងមេរោគ Zika ។ នៅគ្រប់ប្រទេសទាំងអស់ មានតំបន់មួយចំនួនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺទាំងនេះ ប៉ុន្តែមូសអាចបង្កគ្រោះថ្នាក់ជាងអ្វីដែលអ្នកធ្លាប់បានគិត។

ដោះស្រាយបញ្ហាអាឡែស៊ី និងប្រតិកម្ម

កុមារមួយចំនួនងាយនឹងប្រតិកម្ម ឬអាលែហ្សីស្បែករបស់ពួកគេ ដែលទាមទារការថែទាំជាពិសេស។ ដោយយកចិត្តទុកដាក់លើកត្តាបង្កហេតុ និងការប្រើប្រាស់ផលិតផលដែលមានជាតិស្ករតិច និងមានកម្រិតស្រាល អ្នកអាចជួយការពារស្បែកកូនលោកអ្នកពីប្រតិកម្ម។

របៀបថែទាំស្បែកសម្រាប់កូនជាទីស្រលាញ់របស់អ្នក

ការពារពីកម្ដៅព្រះអាទិត្យ

ដោយសារកម្ដៅព្រះអាទិត្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានកម្រិតខ្ពស់ វាពិតជាមានសារៈសំខាន់ក្នុងការការពារបុត្រធីតាលោកអ្នកពីបញ្ហាដែលអាចបង្កឡើងដោយកត្តាមួយនេះ។ ខាងក្រោមនេះគឺជាគន្លឹះដែលអ្នកគួរពិចារណា៖

#1៖ ឡេការពារកម្តៅថ្ងៃ៖ ទិញឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF ខ្ពស់ (30 ឬខ្ពស់ជាងនេះ) ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារ។ លាបវាឱ្យសព្វនៅផ្នែកដែលចំហ យ៉ាងហោចណាស់ 15 នាទីមុនពេលចេញក្រៅ។

#2៖ ខោអាវក្រៅ៖ ស្លៀកសម្លៀកបំពាក់ស្រាល រលុង និងស្រួលដកដង្ហើម ប៉ុន្តែអាចបិទបាំងដៃជើងពួកគេបានល្អ។ គួរពាក់មួកធំៗ និងវ៉ែនតាការពារកាំរស្មី UV។

#3៖ ​នៅ​ក្នុង​ម្លប់៖ ណែនាំឱ្យ​កូនលោក​អ្នកនៅក្រោម​ម្លប់​ក្នុង​កំឡុងពេលដែលក្ដៅខ្លាំង។

លាងសម្អាតស្បែក

ការលាងសម្អាតស្បែកបានត្រឹមត្រូវពិតជាមានសារៈសំខាន់ក្នុងការថែរក្សាអនាម័យស្បែករបស់កូនជាទីស្រលាញ់ ពិសេសនៅក្នុងតំបន់អាកាសធាតុក្ដៅសើមនៅអាស៊ីអាគ្នេយ៍។ ខាងក្រោមនេះគឺជាគន្លឹះដែលអ្នកគួរពិចារណា៖

#1៖ សាប៊ូដុសខ្លួនកម្រិតស្រាល៖ ប្រើសាប៊ូដុសខ្លួនកម្រិតស្រាលដែលការពារពីអាលែហ្ស៊ី ហើយជាប្រភេទដែលរចនាជាពិសេសសម្រាប់កុមារ។ ជៀសវាងសាប៊ូ ឬផលិតផលដែលមានក្លិនក្រអូប និងមានសារធាតុពណ៌ ព្រោះវាអាចបណ្តាលឱ្យរលាកស្បែក។

#2៖ អនុវត្តញឹកញាប់៖ លាងសម្អាតខ្លួន និងផ្ទៃមុខរបស់កូនលោកអ្នកដោយទឹកក្ដៅឧណ្ហៗ និងហ្វូមលាងមុខម្តង ឬពីរដងក្នុងមួយថ្ងៃ អាស្រ័យលើសកម្មភាព កម្រិតជាតិកខ្វក់ និងញើស។

#3៖ លាងសម្អាតខ្លួនក្រោយពេលលេង៖ ក្រោយពេលលេងនៅក្រៅផ្ទះ ឬមានការបែកញើសច្រើន លោកអ្នកត្រូវប្រាកដថាកូនរបស់អ្នកបានលាងសម្អាតខ្លួន និងផ្ទៃមុខភ្លាមៗ ដើម្បីកម្ចាត់ភាពកខ្វក់ ជាតិពុល និងញើស។

ផ្ដល់ជាតិសំណើម

ជាតិសំណើមដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាស្បែកឱ្យមានសុខភាពល្អ ជាពិសេសនៅក្នុងបរិយាកាសក្ដៅសើមក្នុងតំបន់អាស៊ីអាគ្នេយ៍។ សូមអនុវត្តតាមការណែនាំខាងក្រោមនេះ៖

#1៖ ប្រើឡេផ្តល់ជាតិសំណើមកម្រិតស្រាល៖ ជ្រើសរើសប្រភេទឡេ ដែលគ្មានជាតិប្រេង និងគ្មានធាតុផ្សំដែលអាចកកស្ទះរន្ធញើស។ ស្វែងរកផលិតផលដែលមានធាតុផ្សំ ដូចជា អាស៊ីត hyaluronic ឬគ្លីសេរីន។

#2៖ អនុវត្តឱ្យបានញឹកញាប់៖ លាបឡេផ្តល់ជាតិសំណើមនៅលើផ្ទៃមុខ និងរាងកាយរបស់កូនលោកអ្នកបន្ទាប់ពីលាងសម្អាតរួច ជាពិសេសបន្ទាប់ពីងូតទឹក ខណៈពេលដែលស្បែកនៅសើមតិចតួច។ លាបបន្ថែមទៀតតាមតម្រូវការជាក់ស្តែងដើម្បីការពារពីបញ្ហាស្បែកស្ងួត។

#3៖ ផ្តល់ជាតិសំណើមពីស្រទាប់ខាងក្នុង៖ ណែនាំឱ្យកូនរបស់អ្នកពិសាទឹកឱ្យបានច្រើន ដើម្បីរក្សាស្បែករបស់ពួកគេឱ្យមានសំណើម ក៏ដូចជាឆក់យកអត្ថប្រយោជន៍សុខភាពជាច្រើនទៀតពីការពិសាទឹកបានគ្រប់គ្រាន់។

ការពារពីមូសខាំ

ជំងឺ​ចម្លង​​ដោយ​មូស ​គឺជា​ក្តី​កង្វល់​មួយ​ក្នុង​តំបន់​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍។ ការពារស្បែកកូនលោកអ្នកពីមូសខាំតាមរបៀបដូចខាងក្រោម៖

#1៖ ឡេបណ្ដេញសត្វល្អិត៖ ប្រើឡេបណ្ដេញសត្វល្អិតសម្រាប់កុមារ ដែលមានធាតុផ្សំ ដូចជា សារធាតុ DEET សារធាតុ  picaridin ឬប្រេង eucalyptus។ លាបវាថ្នមៗនៅលើស្បែកដែលមិនបានបិទបាំង។

#2៖ សម្លៀកបំពាក់៖ ស្លៀកពាក់ឱ្យកូនលោកអ្នកនូវសម្លៀកបំពាក់វែង និងមានពណ៌ស្រាល ជាពិសេសនៅពេលថ្ងៃលិច និងថ្ងៃរះ កំឡុងពេលដែលមូសសកម្មបំផុត។ គួរឱ្យកូនគេងក្នុងមុង។

ចំណុចគួរពិចារណាសម្រាប់អាឡែស៊ី

កុមារមួយចំនួនមានស្បែកងាយប្រតិកម្ម ឬអាឡែស៊ី។ ខាងក្រោមនេះគឺជាគន្លឹះសម្រាប់លោកអ្នក៖

#1៖ ធ្វើតេស្តស្បែក៖ ប្រសិនបើកូនរបស់អ្នកធ្លាប់មានអាឡែស៊ី ឬប្រតិកម្ម សូមធ្វើតេស្តដោយលាបផលិតផលបន្តិចនៅលើស្បែករបស់ពួកគេដើម្បីដឹងពីប្រតិកម្ម មុននឹងសម្រេចចិត្តប្រើប្រាស់ផលិតផលនោះ។

#2៖ ពិគ្រោះជាមួយអ្នកឯកទេសផ្នែកសើស្បែក៖ ប្រសិនបើកូនរបស់អ្នកមានបញ្ហាស្បែកជាប់លាប់ ឬមានប្រតិកម្មធ្ងន់ធ្ងរ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែកភ្លាមៗ ដើម្បីទទួលបានការណែនាំប្រកបដោយវិជ្ជាជីវៈ។ គ្លីនិក អេរ៉ា នៅទីនេះដើម្បីជួយលោកអ្នកជានិច្ច រៀងរាល់ថ្ងៃពេញមួយសប្ដាហ៍!

មតិចុងក្រោយ

ការបង្កើតទម្លាប់ថែទាំស្បែកបានត្រឹមត្រូវសម្រាប់កូនៗរបស់អ្នក គឺជាកិច្ចការដ៏សំខាន់របស់មាតាបិតា ដើម្បីការពារស្បែកពួកគេពីកត្តាអាកាសធាតុមិនអំណោយផលនៅតំបន់អាស៊ីអាគ្នេយ៍។ សូមអនុវត្តតាមការណែនាំនៅក្នុងអត្ថបទនេះ ដើម្បីធានាថាស្បែករបស់កូនលោកអ្នកមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងបង្កើតទម្លាប់ថែរក្សាស្បែកដ៏វិជ្ជមានសម្រាប់អនាគតរបស់ពួកគេ។ លោកអ្នកគួរផ្តល់អាទិភាពលើផលិតផលកម្រិតស្រាល ការពារពីកម្តៅថ្ងៃ និងលាងសម្អាតខ្លួននិងផ្ទៃមុខឱ្យបានទៀងទាត់ ក៏ដូចជាផ្តល់ជាតិសំណើមជាប្រចាំ ដើម្បីធ្វើឱ្យសុខភាពស្បែករបស់កូនអ្នកកាន់តែប្រសើរឡើង។

សូមអរគុណសម្រាប់ការអាន! នៅ គ្លីនិក អេរ៉ា វេជ្ជបណ្ឌិតឯកទេសរបស់យើងមានជំនាញវិជ្ជាជីវៈក្នុងការដោះស្រាយរាល់បញ្ហាសើស្បែកដែលអ្នកជួបប្រទះ។ ជាការពិតណាស់ នេះក៏រួមបញ្ចូលនូវរោគសើស្បែកកុមារផងដែរ។ សូមទាក់ទងមកយើងខ្ញុំនៅថ្ងៃនេះ ដើម្បីកក់ការប្រឹក្សាយោបល់សម្រាប់កូនជាទីស្រលាញ់របស់អ្នក។ យើងរង់ចាំជួយលោកអ្នកជានិច្ច! ផ្ញើសារមកកាន់យើងខ្ញុំតាមរយៈ https://facebook.com/eraclinickh ឬទូរសព្ទមកយើងខ្ញុំតាមលេខ 092 414000។

Proud to be ethical ♥