ស្បែករបស់កុមារមានភាពទន់ល្មើយ និងងាយរងគ្រោះ ដូច្នេះមានន័យថា ស្បែកពួកគេមានហានិភ័យខ្ពស់ក្នុងការប្រឈមមុខនឹងបញ្ហាស្បែក។ ក្នុងនាមជាឪពុកម្តាយ វាជាការចាំបាច់ក្នុងការយកចិត្តទុកដាក់ពីការដោះស្រាយបញ្ហាស្បែកទាំងនេះ ដើម្បីធានាបាននូវសុខុមាលភាព និងផាសុកភាពសម្រាប់កូនតូចៗរបស់លោកអ្នក។ នៅក្នុងអត្ថបទនេះ ពួកយើងនឹងចែករំលែកពីបញ្ហាស្បែកទូទៅមួយចំនួនដែលកុមារជួបប្រទះ និងវិធីសាស្រ្តក្នុងការគ្រប់គ្រង ឬដោះស្រាយបញ្ហាទាំងអស់នេះបានយ៉ាងប្រសិទ្ធភាព។
#1៖ ជម្ងឺត្រអក (ជម្ងឺរលាកស្បែក)
ជម្ងឺត្រអក ឬជំងឺរលាកស្បែក atopic គឺជាជំងឺស្បែកមួយក្នុងចំណោមជំងឺស្បែកទូទៅបំផុតរបស់កុមារ។ វាបណ្តាលឱ្យស្បែកមានកន្ទួលក្រហម រមាស់ និងរលាក ដែលផ្ដល់ការលំបាកសម្រាប់កូនៗរបស់អ្នក។ មូលហេតុដែលបណ្ដាលឱ្យកើតជម្ងឺត្រអកជារឿយៗគឺ កត្តាហ្សែន និងកត្តាបរិស្ថាន។ ដើម្បីដោះស្រាយជម្ងឺត្រអក សូមអនុវត្តតាមដំបូន្មានខាងក្រោម៖
រក្សាតុល្យភាពជាតិសំណើមរបស់ស្បែក៖ លាបឡេផ្ដល់សំណើមប្រភេទគ្មានក្លិនដែលការពារពីអាឡែស៊ី ដើម្បីរក្សាជាតិសំណើម និងបង្កើតជារបាំងការពារស្បែក។
ជៀសវាងរាល់ផលិតផលដែលអាចធ្វើឱ្យប្រតិកម្ម៖ ស្វែងយល់ពីផលិតផលដែលអាចធ្វើឱ្យប្រតិកម្មស្បែក ដូចជា សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ ឡេប្រឆាំងសត្វល្អិត ឬអាហារដែលអាចបណ្ដាលឱ្យអាឡែស៊ី ដែលអាចធ្វើឲ្យរោគសញ្ញាជំងឺត្រអកកាន់តែធ្ងន់ធ្ងរ។
ស្លៀកសម្លៀកបំពាក់ដែលប្រើក្រណាត់ងាយខ្យល់ចេញចូល៖ ជ្រើសរើសក្រណាត់ទន់ និងងាយខ្យល់ចេញចូល ដូចជា កប្បាសជាដើម ដែលកាត់បន្ថយការរលាក និងឱ្យខ្យល់ចេញចូលបានល្អ។
ប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក៖ សម្រាប់ករណីធ្ងន់ធ្ងរ ឬជាប់លាប់ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែកកុមារ ដើម្បីទទួលបានការណែនាំដ៏ល្អបំផុតសម្រាប់កូនលោកអ្នក។
#2៖ កន្ទួលក្រហមដោយខោសំឡី
នេះគឺជាបញ្ហាស្បែកទូទៅដែលទារក និងក្មេងតូចៗជួបប្រទះ ដោយសារការសើម និងការកកិតស្បែកយូរពេល។ ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកគួរ៖
ផ្លាស់ប្តូរខោសំឡីឱ្យបានញឹកញាប់៖ ផ្លាស់ប្តូរខោសំឡីសើមជាប្រចាំ ដើម្បីកាត់បន្ថយការរលាកស្បែក។
ប្រើគ្រីមការពារស្បែក៖ លាបគ្រីមដែលមានសារធាតុ zinc oxide ឬ petroleum jelly ដើម្បីការពារស្បែកពីសំណើម និងកាត់បន្ថយការកកិត។
ទុកឱ្យស្បែកមានខ្យល់ចេញចូល៖ ពេលផ្លាស់ប្តូរខោសំឡី សូមទុកខោសំឡីថ្មីពីរបីនាទីដើម្បីឱ្យស្បែកមានខ្យល់ចេញចូល និងស្ងួតឡើងវិញ។
ជ្រើសរើសក្រដាសជូតទន់៖ សូមប្រើក្រដាសជូតទារកដែលគ្មានក្លិន និងគ្មានជាតិអាល់កុល ដើម្បីជៀសវាងការរមាស់។
#3៖ មុន
ជាធម្មតា បញ្ហាមុនកើតឡើងចំពោះក្មេងជំទង់ ប៉ុន្តែវាក៏អាចកើតឡើងចំពោះក្មេងមិនទាន់ចូលវ័យជំទង់ ឬកុមារតូចៗផងដែរ។ ការផ្លាស់ប្តូរកម្រិតអ័រម៉ូន ហ្សែន និងអនាម័យស្បែកមិនល្អ អាចជាកត្តាដែលបណ្ដាលឱ្យកុមារឡើងមុន។ ដើម្បីដោះស្រាយបញ្ហាមុន លោកអ្នកគួរ៖
បង្រៀនកូនពីរបៀបថែទាំស្បែក៖ ណែនាំឱ្យពួកគេលាងសម្អាតខ្លួន និងផ្ទៃមុខថ្នមៗឱ្យបានទៀងទាត់ ដោយប្រើសាប៊ូកម្រិតស្រាលដើម្បីរក្សាស្បែកឱ្យស្អាតល្អ។
ជៀសវាងការច្របាច់ ឬកេះមុន៖ ណែនាំឱ្យកូនលោកអ្នកជៀសវាងការច្របាច់ ឬកេះមុន ព្រោះវាអាចធ្វើឲ្យស្បែករលាកកាន់តែធ្ងន់ធ្ងរ និងនាំឲ្យមានស្លាកស្នាម។
ជ្រើសរើសផលិតផលដែលគ្មានធាតុផ្សំដែលអាចកកស្ទះរន្នញើស៖ នៅពេលជ្រើសរើសផលិតផលថែរក្សាស្បែក ត្រូវប្រាកដថាផលិតផលនោះមានស្លាកសញ្ញា non-comedogenic ដែលមានន័យថាវាមិនមានធាតុផ្សំដែលអាចកកស្ទះរន្ធញើសឡើយ។
ប្រឹក្សាជាមួយអ្នកឯកទេស៖ ប្រសិនបើមុនមានសភាពធ្ងន់ធ្ងរ ដែលបង្កក្ដីបារម្ភសម្រាប់លោកអ្នក សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែកសម្រាប់ជម្រើសនៃការព្យាបាលស័ក្តិសមបំផុតសម្រាប់កូនៗលោកអ្នក ដែលអាចជាផលិតផល ឬការព្យាបាលដោយផ្ទាល់ពីសំណាក់វេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក។
4៖ កន្ទួលក្រហម (Urticaria)
កន្ទួលកហម ជាធម្មតាកើតមានឡើងនៅពេលស្បែកមានអាឡែស៊ី។ វាបណ្ដាលមកពីកត្តាទូទៅ ដូចជា អាហារ ឡេដេញសត្វល្អិត ឬការឆ្លងមេរោគ។ ដើម្បីដោះស្រាយបញ្ហានេះ សូមអនុវត្តតាមដំបូន្មានខាងក្រោម៖
កំណត់មូលហេតុនៃប្រតិកម្ម៖ កត់ត្រាឱ្យបានច្បាស់នៅពេលដែលកន្ទួលក្រហមលេចឡើងនៅលើស្បែករបស់កូនលោកអ្នក ហើយព្យាយាមកំណត់មូលហេតុដែលបង្កឱ្យមានកន្ទួលក្រហម ហើយជៀសវាងការកេះវា។
ប្រើថ្នាំប្រឆាំងនឹងអ៊ីស្តាមីន៖ ថ្នាំប្រឆាំងនឹងអ៊ីស្តាមីនអាចជួយកាត់បន្ថយអាការៈរមាស់ និងការរលាកដែលបណ្តាលមកពីកន្ទួលក្រហម។ យ៉ាងណាមិញ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ មុនពេលប្រើប្រាស់ថ្នាំណាមួយ។
ស្អំក្រណាត់ត្រជាក់៖ ការស្អំក្រណាត់ត្រជាក់អាចធ្វើឱ្យធូរស្រាលអាការៈរមាស់ និងរលាក។
5៖ ការរលាកស្បែកដោយសារពន្លឺព្រះអាទិត្យ
ស្បែករបស់កុមារងាយនឹងប្រតិកម្មជាមួយនឹងកាំរស្មី UV របស់ព្រះអាទិត្យ ដែលបណ្ដាលឱ្យស្បែករលាក និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកនៅពេលអនាគត។ ដើម្បីដោះស្រាយបញ្ហានេះ សូមអនុវត្តតាមដំបូន្មានខាងក្រោម៖
ប្រើឡេការពារកម្តៅថ្ងៃ៖ លាបឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF 30 យ៉ាងតិច មុនពេលចេញក្រៅ ហើយលាបសារជាថ្មីរៀងរាល់ពីរម៉ោងម្តង ឬញឹកញាប់ជាងនេះ ប្រសិនបើកូនលោកអ្នកហែលទឹក ឬបែកញើស។
ស្វែងរកម្លប់៖ សូមចំណាយពេលនៅក្រៅតិចបំផុតកំឡុងពេលមេឃក្ដៅខ្លាំង ហើយណែនាំឱ្យកូនលោកអ្នកលេងនៅក្នុងម្លប់។
បិទបាំងស្បែកឱ្យបានជិតល្អ៖ ស្លៀកពាក់ឱ្យកូនលោកអ្នកនូវសម្លៀកបំពាក់ស្រាល បិទបាំងបានល្អ អមដោយមួកធំៗ និងវ៉ែនតាដើម្បីការពារពួកគេពីព្រះអាទិត្យ។
មតិចុងក្រោយ
ការថែរក្សាស្បែកសម្រាប់កុមារ តម្រូវឱ្យមានការយកចិត្តទុកដាក់ និងការឧស្សាហ៍ព្យាយាមខ្ពស់ អមដោយការយល់ដឹងអំពីបញ្ហាស្បែកទូទៅដែលកុមារអាចនឹងប្រឈមមុខ។ សូមអនុវត្តតាមការណែនាំដែលបានរៀបរាប់នៅក្នុងអត្ថបទនេះ ដើម្បីថែទាំ និងព្យាបាលបញ្ហាស្បែកទាំងអស់នេះ។ សូមចងចាំថា នៅពេលដែលអ្នកមានការសង្ស័យណាមួយ ឬបញ្ហាស្បែកនៅតែបន្តកើតមានចំពោះកូនលោកអ្នក សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ ឬវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក ដើម្បីទទួលបានដំបូន្មានប្រកបដោយវិជ្ជាជីវៈ និងការព្យាបាលផ្ទាល់ខ្លួនសម្រាប់កូនជាទីស្រលាញ់របស់អ្នក។ ជាមួយនឹងការថែទាំយ៉ាងយកចិត្តទុកដាក់ យើងពិតជាអាចធានាថាកូនៗរបស់យើងទទួលបានស្បែកដែលមានសុខភាពល្អ។
ពួកយើងនៅទីនេះដើម្បីជួយអ្នក និងកូនលោកអ្នក ក្នុងការដោះស្រាយបញ្ហាស្បែកណាមួយដែលពួកគេកំពុងជួបប្រទះ។ ទំនាក់ទំនងមកកាន់យើងខ្ញុំនៅថ្ងៃនេះ ដើម្បីទទួលបានការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ!
សូមចូលទៅកាន់ https://facebook.com/eraclinickh ឬទូរសព្ទមកលេខ 092 414000។ Telegram: 098 424000។
Recent Comments