តើ​អ្នក​កំពុងមាន​កង្វល់​​ពីបញ្ហាស្បែក​ចាស់​វ័យ ហើយ​ចង់ដឹង​ថា​តើមានអាហារ​ប្រភេទ​ណា​ ដែលអាច​ជួយរក្សាភាពយឺតពីធម្មជាតិរបស់ស្បែក និងជួយ​ឲ្យស្បែក​​មាន​សុខភាព​ល្អឬ?

ដូចអ្នកធ្លាប់បានលឺរួចមកហើយ គន្លឹះដ៏សំខាន់ក្នុងការសម្រេចគោលដៅមួយនេះគឺ ការគេងសម្រាកឲ្យបានគ្រប់គ្រាន់ ការទទួលទានគ្រឿងស្រវឹងក្នុងម្រិតមធ្យម ការឈប់ជក់បារី ការប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃ និងការប្រើគ្រីមផ្ដល់ជាតិសំណើម។

បន្ថែមពីលើនេះទៀត ការរៀបចំរបបអាហារប្រកបដោយសុខភាពល្អ នឹងជួយឲ្យអ្នកឈានទៅដល់គោលដៅមួយនេះកាន់តែឆាប់រហ័សជាងនេះទៅទៀត ពិសេសក្នុងដំណាក់កាលដែលស្បែកឈានទៅរកភាពចាស់វ័យ។ 

ការយកចិត្តទុកដាក់ចំពោះរបបអាហារប្រចាំថ្ងៃ គឺជាគន្លឹះដ៏សំខាន់ក្នុងការកាត់បន្ថយភាពជ្រីវជ្រួញ។ ក្នុងអត្ថបទនេះ លោកអ្នកនឹងទទួលបានគន្លឹះស្តីពីការរៀបចំរបបអាហារប្រកបដោយសុខភាពល្អ ដើម្បីទទួលបានភាពស្រស់ស្អាតដែលអ្នកតែងតែប្រាថ្នាចង់បាន។

តោះៗ អានទាំងអស់គ្នា!

#1 ត្រីសាម៉ុង

ត្រីសាម៉ុងមានរសជាតិឆ្ងាញ់ ហើយអាចធ្វើម្ហូបបានច្រើនមុខ។ ប៉ុន្តែរបៀបក្នុងការចម្អិនត្រីសាម៉ុងល្អបំផុតគឺការ ការចំហុយ ព្រោះវាធ្វើឲ្យសាច់ទន់ និងរក្សាបាននូវរសជាតិឆ្ងាញ់បែបធម្មជាតិ។ ត្រីសាម៉ុងផ្ដល់នូវអត្ថប្រយោជន៍​ជាច្រើនក្នុងការ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ ​ដូច​ជា៖

  • វាសម្បូរទៅដោយសារធាតុអូមេហ្គា 3 
  • វាសម្បូរទៅដោយសារធាតុវីតាមីន D និងវីតាមីន B
  • វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ astaxanthin ដែលរារាំងភាពចាស់វ័យ។

សរុបមក ត្រីសាម៉ុងផ្ដល់ជូនលោកអ្នកនូវអត្ថប្រយោជន៍ក្នុងការរក្សាជាតិសំណើមរបស់ស្បែក កាត់បន្ថយការរលាក បង្កើនភាពយឺតពីធម្មជាតិរបស់ស្បែក ហើយថែមទាំងកាត់បន្ថយការកើតមុនថែមទៀតផង។

#2 រមៀត

រមៀត​គឺជា​គ្រឿងទេស​ដ៏​ពេញនិយម​បំផុតមួយនៅ​ប្រទេស​ឥណ្ឌា និងតំបន់​អាស៊ីអាគ្នេយ៍​។ វាជួយបន្ថែមរសជាតិម្ហូបបានយ៉ាងអស្ចារ្យ ទាំងស៊ុប សម្ល និងម្ហូបជាច្រើនមុខទៀត។ លោកអ្នកអាចទិញរមៀតជាទម្រង់ម្សៅ ឬជាបន្លែតែម្តង។ ក្រៅពីអត្ថប្រយោជន៍នៃការផ្ដល់រសជាតិដ៏ឆ្ងាញ់ជាប់ចិត្ត រមៀតមានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយស្នាមជ្រីវជ្រួញ ដូចជា៖

  • វាជួយទប់ស្កាត់ការរលាកស្បែក
  • វាជួយឲ្យកោសិកាស្បែកមានសុខភាពល្អ ទន្ទឹមនឹងជំរុញការផលិតកូឡាជែន (https://www.neutrogena.com/the-bar/spice-it-up-7-turmeric-benefits-for-skin.html)
  • វាបង្កើនការផលិតសារធាតុ elastin ដែលមានមុខងាររក្សាភាពយឺតបែបធម្មជាតិរបស់ស្បែក ហើយជាលទ្ធផលគឺជួយកាត់បន្ថយភាពយារធ្លាក់ និងជ្រីវជ្រួញរបស់ស្បែក

នៅពេលរាងកាយផលិតកូឡាជែនច្រើនជាងមុន វាជួយឲ្យស្បែកទន់រលោង ភ្លឺថ្លា និងក្មេងជាងវ័យ ពិសេសនៅរង្វង់ភ្នែក។

ទន្ទឹមគ្នានេះដែរ ភាពយឺតបែបធម្មជាតិរបស់ស្បែកមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពយារធ្លាក់ និងស្នាមជ្រីវជ្រួញ ដូច្នេះស្បែករបស់អ្នកនឹងប្រែជារលោង និងទន់ជាងមុន។

ក្រៅពីការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម រមៀតក៏អាចជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងមុន ព្រមទាំងជួយឱ្យស្បែកភ្លឺថ្លាផងដែរ។ វាពិតជាមានអត្ថប្រយោជន៍យ៉ាងសម្បូរបែប!

#3 តែបៃតង

នៅជុំវិញពិភពលោក គេច្រើនតែពិសាតែបៃតងបែបក្តៅ ក៏ប៉ុន្តែ iced matcha lattes បាននឹងកំពុងពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍។ ប្រសិនបើអ្នកកំពុងព្យាយាមកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន អ្នកគួរ ស្វែងរកតែបៃតងប្រភេទ Decaffeinated ដែលមានផ្ទុកសារធាតុកាហ្វេអ៊ីនក្នុងបរិមាណទាបបំផុត។

តែបៃតងមានមុខងារជួយដល់ការរំលាយអាហារ បង្កើនសមត្ថភាពខួរក្បាល ជំនួយដល់ការសម្រកទម្ងន់ ហើយថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺច្រើនមុខទៀត។ ចុះចំពោះស្បែករបស់អ្នកវិញ?

អត្ថប្រយោជន៍នៃការទទួលទានតែបៃតងសម្រាប់កាត់បន្ថយភាពជ្រីវជ្រួញ មានដូចជា៖

  • វាជួយបង្កើនការផលិតសារធាតុកូឡាជែន (https://www.ncbi.nlm.nih.gov/pmc/articles/PMC6412948/)
  • វាជួយបង្កើនការផលិតសារធាតុ elastin និងបង្កើនភាពយឺតបែបធម្មជាតិរបស់ស្បែក
  • វាមានផ្ទុកវីតាមីន B2 (riboflavin) ដែលធ្វើឲ្យស្បែករឹងមាំ

ស្រដៀងទៅនឹងរមៀតដែរ ការកើនឡើងនៃសារធាតុកូឡាជែន និងភាពយឺតនៃស្បែក គឺជាកត្តាចំបងក្នុងការកាត់បន្ថយភាពជ្រីវជ្រួញ ប៉ុន្តែសារធាតុ riboflavin នៅក្នុងតែបៃតងក៏អាចរារាំងស្បែកមិនឲ្យស្ងួត និងបង្កើនការស្រូបយកជាតិសំណើមថែមទៀតផង។ 

#4 គ្រាប់ណាត់ប្រេស៊ីល

គ្រាប់ណាត់ប្រេស៊ីលពោរពេញទៅដោយសារធាតុចិញ្ចឹមយ៉ាងសម្បូរបែប ដែលមានមុខងារក្នុងការរារាំងភាពចាស់វ័យ។

អ្នកអាចទទួលទានវាដោយឆៅនៅក្នុងសាឡាដ ឬក្នុងអាហារធញ្ញជាតិ។ ក្រៅពីនេះ អ្នក​អាច​ដាក់​គ្រាប់ណាត់​ប្រេស៊ីល​ខ្លះ​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​ ដើម្បី​ធ្វើ​ទឹក​ក្រឡុក ឬ​ ធ្វើ​ទឹកជ្រលក់ផងដែរ។

តើ​ការ​ទទួល​ទាន​គ្រាប់ណាត់​ប្រេស៊ីល​ អាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះក្នុងការ​កាត់​បន្ថយ​ភាព​ជ្រីវជ្រួញ​?

  • វាផ្ទុកសារធាតុអូមេហ្គា 3
  • វាផ្ទុកសារធាតុសេលេញ៉ូម
  • វាជួយបង្កើនភាពយឺតរបស់ស្បែក
  • វាជួយកាត់បន្ថយការរលាក
  • វាផ្ទុកសារធាតុ glutathione

ជារួម គ្រាប់ណាត់ប្រេស៊ីលផ្ដល់ជូនអត្ថប្រយោជន៍ក្នុងការរក្សាតុល្យភាពជាតិទឹកក្នុងស្បែក បំបាត់ការរលាកស្បែក និងធ្វើឱ្យស្បែករឹងមាំ។ លើសពីនេះ វាជួយព្យាបាលស្បែកពីការខូចខាតដោយកាំរស្មី UV និងជាតិពុលពីបរិស្ថាន។

#5 ប្រេងអូលីវ

អ្នកអាចបន្ថែមប្រេងអូលីវទៅក្នុងម្ហូបដោយមិនចាំបាច់ចំអិនវាឡើយ។ មនុស្សមួយចំនួនថែមទាំងពិសាប្រេងអូលីវមួយស្លាបព្រាបាយជារៀងរាល់ព្រឹក។ ការបន្ថែមប្រេងអូលីវទៅក្នុងអាហារប្រចាំថ្ងៃនឹងផ្ដល់ជូនអត្ថប្រយោជន៍សម្រាប់លោកអ្នកយ៉ាងពិតប្រាកដ។

អត្ថប្រយោជន៍នៃការទទួលទានប្រេងអូលីវសម្រាប់កាត់បន្ថយភាពជ្រីវជ្រួញ មានដូចជា៖

  • វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
  • វាមានផ្ទុកវីតាមីន A (https://www.medicalnewstoday.com/articles/270609#benefits)
  • វាមានផ្ទុកវីតាមីន D
  • វាមានផ្ទុកវីតាមីន K
  • វាមានផ្ទុកវីតាមីន E

សារធាតុទាំងអស់នេះមានប្រសិទ្ធភាពយ៉ាងអស្ចារ្យក្នុងការសម្រួលចលនាឈាម ការកាត់បន្ថយភាពជ្រីវជ្រួញ និងស្បែកយារធ្លាក់ ការពារពីកាំរស្មី UV និងបង្កើនភាពយឺតបែបធម្មជាតិរបស់ស្បែក។

#6 ស្ពៃខៀវ

អ្នកអាចបន្ថែមស្ពៃខៀវទៅក្នុងមុខម្ហូបច្រើនមុខ ដោយចម្អិន ឬមិនចាំបាច់ចម្អិនវាក៏បាន។

ហេតុអ្វីក៏មិនបន្ថែមប្រេងអូលីវ?

អត្ថប្រយោជន៍នៃការទទួលទានស្ពៃខៀវសម្រាប់ការកាត់បន្ថយភាពជ្រីវជ្រួញ រួមមាន៖

  • វាមានផ្ទុកវីតាមីន C
  • វាមានផ្ទុកវីតាមីន A (https://www.medicalnewstoday.com/articles/270609#benefits)
  • វាមានជាតិដែក
  • វាមានសារជាតិ lutein
  • វាមានអាស៊ីតហ្វូលិក

តើនេះមានន័យយ៉ាងដូចម្តេច? ការបន្ថែមស្ពៃខៀវទៅក្នុងរបបអាហាររបស់អ្នក នឹងជួយសម្រួលដល់ការចែកចាយអុកស៊ីសែនទៅទូទាំងរាយកាយ ជួយឲ្យស្បែកមានសុខភាពល្អ ជួយបង្កើតជាលិកាស្បែកថ្មី រក្សាសំណើម និងកាត់បន្ថយភាពស្ងួត។

សូមចងចាំថាអ្នកគួរទទួលទានអាហារទាំងអស់នេះក្នុងកម្រិតមធ្យម។ ប្រិយមិត្តមួយចំនួនប្រហែលជាបានអានអត្ថបទណែនាំស្រដៀងគ្នានេះដែរ ហើយចាប់ផ្តើមរបបអាហារដែលមានភាពម៉ឺងម៉ាត់ ប៉ុន្តែការរក្សាតុល្យភាពនៃរបបអាហារគឺជាគន្លឹះក្នុងការរក្សារាងកាយ និងស្បែករបស់អ្នកឲ្យមានសុខភាពល្អ។ រាល់ពេលដែលយើងផ្លាស់ប្តូររបត់ជីវិត យើងត្រូវគិតអំពីសុខុមាលភាពយូរអង្វែងរបស់យើង។ ថែរក្សារាងកាយរបស់អ្នក ហើយទទួលទានអាហារដោយរីករាយ!

Proud to be ethical ♥