ប្រធានបទថ្ងៃនេះ អេរ៉ាគ្លីនិក នឹងលើកឡើងពីទំនាក់ទំនងរវាងរបបអាហារ5ក្រុម ដែលបង្កឱ្យស្បែកមុខ អ្នកងាយឡើងមុនវិវត្តន៍កាន់តែអាក្រក់។

យល់ដឹងពីចំណីអាហារដែលត្រូវចៀសវាង អាចជួយកាត់បន្ថយការបែកញើស និងគ្រប់គ្រងការកើនមុន។ ខាងក្រោមនេះ ជារបបអាហារទាំង5ក្រុម ដែលអ្នកមានប្រភេទស្បែកងាយនឹងឡើងមុន គួរតែចៀសវាង ដើម្បីទទួលបានស្បែកដែលស្អាត មានសុខភាពល្អ៖

#1. អាហារមានសន្ទស្សន៍ជាតិស្ករខ្ពស់

របបអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ដូចជា ប្រភេទអាហារសម្រន់ដែលមានជាតិស្ករ ប៉ាស្តា នំប៉័ងពណ៌ស បាយស និងគ្រាប់ធញ្ញជាតិកែច្នៃ…​ ភាគច្រើនមិនសូវសម្បូរសារជាតិចិញ្ចឹមជំនួយទៅដល់ កោសិការាងកាយរបស់អ្នកទទួលទានប៉ុន្មានឡើយ។ ក៏ប៉ុន្តែមនុស្សមួយចំនួនមានទំនោរគិតថា “របបអាហារទាំងអស់ហ្នឹងថ្វីត្បិតវាមិនសូវជាល្អពិតមែន តែមិនមែនមានន័យថា វាអាក្រក់ទាំងអស់នោះដែរ…”។ ការយល់ឃើញបែបនេះ ប្រៀបបាននឹងអ្នកកំពុងតែបណ្តោយខ្លួនឯង ឱ្យរងជាមួយនឹងបញ្ហាមុនទៅវិញទេ។

ដោយហេតុថា អាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ អាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ហើយការទទួលទានរបបអាហារទាំងនេះជាញឹកញាប់ អាចនាំឱ្យកម្រិតអាំងស៊ុយលីនកើនឡើង ខុសប្រក្រតី ប៉ះពាល់ដល់ការផលិតប្រេងនៅក្នុងស្រទាប់ស្បែក ងាយធ្វើឱ្យស្ទះរន្ធញើស និងបង្កើនការកើតមុនកាន់តែខ្លាំង។

#2. ផលិតផលទឹកដោះគោ

ទឹកដោះគោ និងរបបអាហារធ្វើពីទឹកដោះគោ ដូចជាប្រភេទគ្រីម ឬឈីស ដែលមនុស្សភាគច្រើន តែងតែនិយមញុំាក្នុងអាហារពេលល្ងាច ត្រូវបានគេរកឃើញថា វាអាចបង្កគ្រោះថ្នាក់ដល់ប្រភេទស្បែក ដែលងាយឡើងមុនផងដែរ។

នេះ ដោយសារតែនៅក្នុងទឹកដោះគោ ជាពិសេសទឹកដោះគោគ្មានខ្លាញ់ ត្រូវបានអ្នកវិទ្យាសាស្ត្រ រកឃើញថា មានផ្ទុកនូវអរម៉ូនandrogensកម្រិតខ្ពស់ ដោយអរម៉ូននេះកាលណាអ្នកមានស្បែកមុខប្រេង ងាយកើតមុនទទួលទាន វា​នឹង​ជំរុញក្រពេញប្រេង​ផលិត​ប្រេង​កាន់តែច្រើន កោសិកាស្បែកងាយរលាក ស្ទះរន្ធញើស បង្កឱ្យងាយឡើងមុនលើផ្ទៃមុនមកបន្ថែម។

យ៉ាងណាមិញ ចំពោះអ្នកទម្លាប់ញុំាទឹកដោះគោ ដើម្បីជំនួយដល់រាងកាយជាប្រចាំ អេរ៉គ្លីនិក សូមណែនាំឱ្យញុំានូវក្រុមទឹកដោះគោធ្វើពីគ្រាប់ធញ្ញជាតិមានដូចជា ទឹកដោះគោអាល់មុន, oat milk, rice milk, ឬក៏ជាប្រភេទទឹកសណ្តែកជំនួសឱ្យការញុំាទឹកដោះគោស្រស់វិញ។

#3. អាហារបំពង និងមានជាតិខ្លាញ់មិនល្អ

បើយើងញ៉ាំសាច់មាន់បំពង ភីហ្សា និងសាច់អាំងសម្បូរខ្លាញ់មិនល្អច្រើន យើងដឹងថា វាច្បាស់ណាស់ជា មិនល្អសម្រាប់សុខភាពឡើយ និងក្នុងនោះបញ្ហាស្បែក អាចទំនងជារងនឹងផលប៉ះពាល់មុនគេ។ លោកអ្នកប្រហែលជាធ្លាប់លឺហើយពីប្រភេទខ្លាញ់មានក្នុងចំណីអាហារដែលពិភពលោក បានបែងចែកដាច់ចេញជាពី2ផ្សេងគ្នារវាង ខ្លាញ់អាក្រក់ញុំាច្រើនប៉ះពាល់ដល់សុខភាព និងប្រភេទខ្លាញ់ល្អ ញុំាទៅជំនួយដល់សរីរាង្គកាយ។

កត្តានេះ ដើម្បីជាជម្រើសល្អសម្រាប់សុខភាពរាងកាយ និងស្បែក លោកអ្នកគួរតែជ្រើសញុំានូវ របបអាហារណាដែលសម្បូរទៅដោយសារជាតិខ្លាញ់ល្អដូចជា ផ្លែបឺរ គ្រាប់ធញ្ញជាតិ និងប្រេងអូលីវ ជាដើម។

#4. អាហារសម្រន់ផ្អែមៗ និងមានជាតិស្ករ

សូមចាំថា ប្រសិនបើមានជាតិស្ករច្រើនពេកនៅក្នុងឈាមរបស់យើង វានឹងធ្វើឱ្យកម្រិតអាំងស៊ុយលីន កើនឡើង ដែលបង្កឱ្យមានការរលាកក្នុងកោសិកា។ ទាយមើលថា តើការរលាកនោះនឹងលេចចេញនូវ ត្រង់ផ្នែកណានៃរាងកាយ? ច្បាស់ណាស់ គឺអាចស្តែងចេញនៅលើស្បែកមុខរបស់យើងតែម្តង បង្កចេញជាបញ្ហាឡើងមុន ក្រហម និងបញ្ហារលាកស្បែកផ្សេងៗទៀត។

បច្ចុប្បន្នយើងសង្កេតឃើញថា អាហារសម្រន់ដែលមានជាតិផ្អែមៗ កំពុងតែក្លាយជា អាហារពេញនិយមខ្លាំងចំពោះមនុស្សស្ទើរតែគ្រប់វ័យ ជាពិសេសលើក្រុមមនុស្សស្ថិតក្នុងវ័យសកម្ម។ ដូចគ្នានឹងអាហារដែលមានជាតិខ្លាញ់ដែរ ក្នុងលក្ខខណ្ឌប្រសិនបើលោកអ្នកញុំាអាហារទាំងនេះ បរិមាណច្រើន និងជាប្រចាំថ្ងៃពេក វានឹងធ្វើឱ្យស្ថានភាពស្បែកងាយនឹងប្រឈមការកើតមុន។ ដូច្នេះ ទាក់ទិនទៅនឹងចំណីអាហារសម្រន់ លោកអ្នកគួរតែជ្រើសញុំាជាប្រភេទផ្លែឈើស្រស់ៗ សូកូឡាខ្មៅ និងអាហារសម្រន់មួយចំនួនទៀតដែលអាចធ្វើដោយខ្លួនឯងប្រើនូវប្រភេទស្ករធម្មជាតិពីទឹកឃ្មុំ។

#5. អាហារកែច្នៃដាក់សារធាតុរក្សាទុក និងគ្រឿងផ្សំមិនល្អ

អាហារវេចខ្ចប់មួយចំនួនដែលមានដាក់លក់នៅលើទីផ្សារត្រូវបានគេឃើញថា វាមានផ្ទុកនូវសារជាតិទុក និងប្រើប្រាស់នូវប្រភេទគ្រឿងផ្សំដែលមានគុណភាពទាប ដើម្បីអាចដាក់លក់ក្នុងតម្លៃថោក និងអាចរក្សាទុកបានយូរខែថ្ងៃ។

សារធាតុនៅក្នុងអាហារវេចខ្ចប់បូករួមជាមួយនឹងរសជាតិផ្អែម ប្រៃ អាចបង្កស្បែកងាយកើតមុន និងប្រសិនជាប្រភេទស្បែកដែលមានមុនស្រាប់ទៀត វានឹងបង្កឱ្យមុននោះវិវត្តន៍កាន់តែអាក្រក់ទៅ។

យោបល់បន្ថែម

របប​អាហារទាំងអស់ដែលយើងញុំានាពេលសព្វថ្ងៃនេះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សុខភាព​ស្បែក និងការកើតមុន។ ជាការល្អដើម្បីកាត់បន្ថយការប្រឈមនឹងបញ្ហាស្បែកមុខឡើងមុន លោកអ្នកគួរតែចៀសវាងការញុំានូវរបបអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ ផលិតផលទឹកដោះគោ អាហារមានជាតិខ្លាញ់មិនល្អ អាហារសម្រន់ដែលមានជាតិស្ករ និងក្រុមអាហារដែលដាក់សារធាតុរក្សាទុក។

ចំណាំ៖ ស្បែកមុខដែលមានសុខភាពល្អ មិនអាចកើតមានបានដោយគ្រាន់តែមានទម្លាប់ថែរក្សាស្បែក ប៉ុន្នឹងទេ វាត្រូវការវិធីសាស្រ្តគួបផ្សំបន្ថែមចេញពីទម្លាប់ញុំាអាហារដែលមានសុខភាព និងគ្រប់គ្រង់ស្ត្រេស តានតឹងជាប្រចាំ។ ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីរបៀបគ្រប់គ្រងការកើតមុន អាចទំនាក់ទំនង​ មកកាន់អ្នកជំនាញនៅ អេរ៉គ្លីនិក បាន ពួកយើងរីករាយនឹងជួយដោះស្រាយបញ្ហាលោកអ្នកជានិច្ច៕

Proud to be ethical ♥