ការរស់នៅក្នុងប្រទេសក្តៅអាចធ្វើឱ្យប៉ះពាល់ដល់ស្បែករបស់អ្នក ប៉ុន្តែបើមានការថែទាំត្រឹមត្រូវ ស្បែករបស់អ្នកនៅតែភ្លឺថ្លា និងមានសុខភាពល្អ។ សម្រាប់អ្នកដែលមានវ័យជំទង់ លោកអ្នកចាំបាច់ត្រូវសម្របទម្លាប់ថែទាំស្បែករបស់អ្នកទៅនឹងអាកាសធាតុក្តៅដើម្បីរក្សាស្បែកស្បែកឱ្យស្រស់ស្អាត។ នៅក្នុងការអត្ថបទមួយនេះ យើងនឹងណែនាំលោកអ្នកពីជំហានសំខាន់ៗ និងគន្លឹះងាយៗក្នុងការថែទាំស្បែករបស់អ្នកឱ្យស្រស់ថ្លា និងភ្លឺរលោង។ តោះចូលអានទាំងអស់គ្នា!

គន្លឹះទី 1៖ ប្រើសាប៊ូលាងមុខកម្រិតស្រាល

ការលាងសម្អាតស្បែក គឺជាជំហានដំបូងដើម្បីទទួលបានស្បែកមានសុខភាពល្អ។ លាងសម្អាតមុខពីរដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងមុនពេលចូលគេង ដើម្បីសម្អាតភាពកខ្វក់ ញើស និងជាតិប្រេងលើស ដែលអាចកកស្ទះរន្ធញើស និងបណ្តាលឱ្យឡើងមុន។ ជ្រើសរើស​ហ្វូម​លាងមុខកម្រិតស្រាល ​ដែល​សម្អាតស្បែកបានស្អាតល្អ ប៉ុន្តែមិនធ្វើឱ្យបាត់បង់ជាតិសំណើមពីធម្មជាតិរបស់ស្បែក។ ស្វែងរកផលិតផលលាងសម្អាតមុខ ដែលចម្រាញ់ពីគ្រឿងផ្សំធម្មជាតិ ដូចជា chamomile ឬតែបៃតង ដែលជួយសម្រួលកោសិកាស្បែក និងធ្វើឱ្យស្បែករបស់អ្នកស្រស់ថ្លា។

សូមចងចាំថា ការលាងមុខញឹកញាប់មិនមែនមានន័យថាលោកអ្នកបានសម្អាតសារធាតុកខ្វក់បានស្អាតល្អនោះឡើយ។ តាមពិត ការលាងសម្អាតច្រើនលើកពេកអាចធ្វើឲ្យរលាកស្បែក។ លាងសម្អាតផ្ទៃមុខត្រឹមតែពីរដងក្នុងមួយថ្ងៃ រួចជូតមុខថ្នមៗឱ្យស្ងួតដោយកន្សែងស្អាត។

គន្លឹះទី 2៖ រក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ

ការ​ពិសា​ទឹកគឺជារឿង​សំខាន់​ ពិសេស​នៅ​ប្រទេស​ក្តៅ​ដូចប្រទេស​កម្ពុជា​។ នៅពេលបែកញើស រាងកាយរបស់អ្នកបាត់បង់ជាតិទឹក ដែលធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម។ ស្បែក​ដែល​ខ្វះ​ជាតិ​សំណើមមានភាពស្រអាប់ ស្អិត ដែលអាចបង្ក​ឱ្យ​មានការឡើងមុនថែមទៀតផង។ ដើម្បីរក្សាស្បែករបស់អ្នកឱ្យស្រស់ថ្លា និងភ្លឺរលោង ត្រូវពិសាទឹកឱ្យបានច្រើនពេញមួយថ្ងៃ។

ប្រសិនបើអ្នកធុញនឹងទឹកធម្មតា សាកល្បងដាក់ផ្លែឈើមួយចំណិតដែលអ្នកពេញចិត្ត ដូចជាក្រូចឆ្មា ត្រសក់ ឬផ្លែប៊ឺរីជាដើម។ វាជួយបន្ថែមរសជាតិ និងធ្វើឱ្យអ្នករីករាយក្នុងការបន្ថែមជាតិទឹកមកក្នុងខ្លួន។

គន្លឹះទី 3៖ ប្រើឡេផ្ដល់ជាតិសំណើមកម្រិតស្រាល

ពេលអាកាសធាតុក្តៅ ស្បែករបស់អ្នកត្រូវការជំនួយដើម្បីរក្សាកម្រិតជាតិសំណើម។ សូមជ្រើសរើសឡេ​ផ្តល់ជាតិ​សំណើមកម្រិត​ស្រាល គ្មាន​ជាតិ​ប្រេង ព្រោះមិនធ្វើឱ្យអ្នក​មាន​អារម្មណ៍​ថា​ធ្ងន់ ឬស្អិត។ ស្វែងរកផលិតផលដែលមានស្លាកថា «non-comedogenic» ដែលមានន័យថាវានឹងមិនកកស្ទះរន្ធញើសរបស់អ្នកឡើយ។

ប្រសិនបើអ្នកមានប្រភេទស្បែកប្រេង សូមជ្រើសរើសផលិតផលផ្ដល់ជាតិសំណើមប្រភេទជែលវិញ ដោយសារវាជ្រាបចូលស្បែកឆាប់រហ័ស និងធ្វើឱ្យស្បែករលោង។ ចំពោះអ្នកមានស្បែកស្ងួត សូមស្វែងរកផលិតផលដែលមានអាស៊ីត hyaluronic ឬ glycerin ព្រោះវាផ្តល់ជាតិសំណើមបានច្រើនដោយមិនមានអារម្មណ៍ថាធ្ងន់។

គន្លឹះទី4៖ រារាំងភាពចាស់វ័យដោយប្រើឡេការពារកម្តៅថ្ងៃ

ឡេការពារកម្តៅថ្ងៃ គឺជាដៃគូដ៏ល្អបំផុតរបស់អ្នកនៅរដូវក្តៅ។ កាំរស្មីព្រះអាទិត្យអាចផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំង ដូចជារលាកស្បែក ភាពចាស់មុនអាយុ និងជំងឺមហារីកស្បែក។ ការពារស្បែករបស់អ្នកដោយលាបឡេការពារកម្តៅថ្ងៃប្រភេទ SPF 30 យ៉ាងតិច ជារៀងរាល់ថ្ងៃ។

លាបឡេការពារកម្តៅថ្ងៃឱ្យបានច្រើននៅគ្រប់ទីតាំងដែលប៉ះទង្គិចនឹងពន្លឺព្រះអាទិត្យ ដូចជា ផ្ទៃមុខ ក ត្រចៀក ដៃ និងជើង។ កុំភ្លេចផ្នែកដែលមនុស្សទូទៅតែងតែមើលរំលង ដូចជា ផ្នែកខាងក្រោយក និងផ្នែកខាងលើនៃប្រអប់ជើងរបស់អ្នក។ លាបឡេការពារកម្តៅថ្ងៃរៀងរាល់ពីរម៉ោងម្តង ជាពិសេសប្រសិនបើអ្នកហែលទឹក ឬបែកញើស។

គន្លឹះទី 5៖ លាងសម្អាតប្រេងនៅលើផ្ទៃមុខ

នៅក្នុងអាកាសធាតុក្តៅ ស្បែកមុខរបស់យើងអាចនឹងឡើងប្រេង ដែលបង្កឱ្យកើតមុន។ ដើម្បីទប់ស្កាត់ការឡើងប្រេង សូមប្រើក្រដាសផ្ដិតប្រេងចេញពីមុខ ឬ primers ដែលគ្មានប្រេង។ វាអាចជួយស្រូបយកជាតិប្រេងលើស និងរក្សាស្បែករបស់អ្នកឱ្យមានភាពស្រស់ថ្លាពេញមួយថ្ងៃ។

ជៀសវាងផលិតផលលាងសម្អាតមុខកម្រិតធ្ងន់ ឬការជូតមុខរបស់អ្នកខ្លាំងពេក ព្រោះវាអាចធ្វើឲ្យរលាកស្បែក និងជំរុញឱ្យការផលិតប្រេងនៅលើផ្ទៃមុខកាន់តែច្រើនជាងមុន។ លោកអ្នកអាចជំនួសមកវិញដោយផលិតផលដែលផ្សំពីរូបមន្តធម្មជាតិដូចជា witch hazel ឬ ប្រេងចម្រាញ់ពីដើមតែ ដែលអាចជួយរក្សាកម្រិតជាតិប្រេងឱ្យមានតុល្យភាព ដោយមិនប៉ះពាល់ដល់ស្បែករបស់អ្នកឡើយ។

គន្លឹះទី 6៖ ប្រើស្រ្ពាយបាញ់មុខ

នៅពេលដែលសីតុណ្ហភាពឡើងខ្លាំង អ្នកអាចបន្ថយកម្ដៅនៅលើស្បែកដោយស្ព្រាយបាញ់មុខ។ វាប្រៀបបានទៅនឹងភេសជ្ជៈដែលស្បែកលោកអ្នកត្រូវការដើម្បីមានភាពស្រស់ស្រាយ។ កុំភ្លេចយកមួយដបតាមខ្លួន ហើយបាញ់មកលើផ្ទៃមុខ នៅពេលណាដែលអ្នកមានអារម្មណ៍ក្តៅ ឬបែកញើស។ សូមស្វែងរស្រ្ពាយបាញ់មុខ ដែលមានធាតុផ្សំ ដូចជា ប្រទាលកន្ទុយក្រពៅ ឬ chamomile ដើម្បីបំបាត់ការឡើងកន្ទួលក្រហម ឬរមាស់។

ស្រ្ពាយបាញ់មុខមិនត្រឹមតែធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយរក្សាជាតិសំណើម និងធ្វើឱ្យស្បែកភ្លឺថ្លាទៀតផង។

គន្លឹះទី 7៖ នៅក្នុងម្លប់ ហើយស្លៀកពាក់ឱ្យបានឆ្លាតវៃ

វិធីសាស្ត្រដ៏ល្អក្នុងការការពារស្បែករបស់អ្នកពីការខូចខាតពីពន្លឺព្រះអាទិត្យ គឺការជៀសវាងការគេចពីពន្លឺព្រះអាទិត្យដោយផ្ទាល់កំឡុងពេលដែលសីតុណ្ហភាពក្តៅបំផុត ជាធម្មតាចន្លោះពីម៉ោង 10 ព្រឹកដល់ម៉ោង 4 រសៀល។ ស្វែងរកម្លប់នៅក្រោមដើមឈើ ដំបូល ឬប្រើឆ័ត្រតាមដែលអាចធ្វើទៅបាន ពិសេសប្រសិនបើអ្នកត្រូវចំណាយពេលនៅខាងក្រៅរយៈពេលយូរ។ ចំពោះការស្លៀកពាក់វិញ សូមជ្រើសរើសសម្លៀកបំពាក់ស្រាល និងមានខ្យល់ចេញចូលល្អ ដែលអាចគ្របដណ្តប់ស្បែករបស់អ្នកពីកាំរស្មីព្រះអាទិត្យ។ ប្រភេទមួកធំៗ និងវ៉ែនតាការពារកំដៅថ្ងៃមិនត្រឹមតែការពារមុខរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារភ្នែករបស់អ្នកពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ផងដែរ។

មតិចុងក្រោយ

ការថែទាំស្បែករបស់អ្នកក្នុងកំឡុងអាកាសធាតុក្តៅ គឺជារឿងសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ លាងសម្អាតស្បែកថ្នមៗ រក្សាជាតិសំណើមឱ្យបានគ្រប់គ្រាន់ លាបឡេការពារកម្តៅថ្ងៃឱ្យបានគ្រប់គ្រាន់គ្រប់ពេលវេលា ហើយត្រូវប្រាកដថាអ្នកបានជ្រើសរើសផលិតផលដែលត្រូវនឹងប្រភេទស្បែករបស់អ្នក។ ដោយគ្រាន់តែអនុវត្តតាមគន្លឹះងាយៗទាំងអស់នេះ អ្នកនឹងទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺថ្លា ទោះអាកាសធាតុក្តៅយ៉ាងណាក៏ដោយ!

សូមចងចាំថា ស្បែករបស់យើងម្នាក់ៗសុទ្ធសឹងតែខុសប្លែកពីគ្នា ដូច្នេះសូមយកចិត្តទុកដាក់ចំពោះផលិតផល​ឬ គន្លឹះថែទាំស្បែកដែលមានប្រសិទ្ធភាពបំផុតសម្រាប់ប្រភេទស្បែករបស់អ្នក។ សូមមានការអត់ធ្មត់ ហើយរក្សាទម្លាប់ថែរក្សាស្បែករបស់អ្នកឱ្យបានជាប់លាប់។ គ្រាន់តែអនុវត្តតាមទម្លាប់ទាំងអស់នេះ នោះលោកអ្នកនឹងមានអារម្មណ៍ជឿជាក់លើស្បែករបស់អ្នកជាងមុនជាមួយនឹងស្បែកភ្លឺថ្លា ចែងចាំង និងមានសុខភាពល្អក្នុងកំឡុងវ័យជំទង់របស់អ្នក។

Proud to be ethical ♥