មានអាហារ និងគ្រឿងផ្សំជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែតើមានអាហារអ្វីខ្លះដែល ផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពស្បែក?
នៅក្នុងអត្ថបទនេះ ពួកយើងនឹងណែនាំលោកអ្នកពីអាហារ និងគ្រឿងផ្សំ ដែលផ្ដល់ផលវិជ្ជមានខ្ពស់សម្រាប់សុខភាពស្បែក ដើម្បីជួួយឲ្យអ្នកទទួលបានស្បែកភ្លឺថ្លា និងម៉ដ្ឋរលោង ខណៈដែលកាត់បន្ថយបញ្ហាស្បែកទូទៅ ដូចជា ការឡើងមុន ជម្ងឺត្រអក និងបញ្ហាស្បែកស្ងួត។
ពួកយើងចង់ឃើញអតិថិជនទាំងអស់មានរបបអាហារប្រកបដោយសុខភាពល្អ ហើយរស់នៅប្រកបដោយភាពរីករាយ ប្រកបដោយថាមពល និងមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ។ តោះចាប់ផ្ដើមអានទាំងអស់គ្នា!
#1 បង្កើនវីតាមីន C នៅក្នុងរបបអាហាររបស់អ្នក
ការបន្ថែមវីតាមីន C នៅក្នុងរបបអាហារជួុយឲ្យរនាំងការពារកាំរស្មីព្រះអាទិត្យពីធម្មជាតិរបស់ស្បែកកាន់តែរឹងមាំ។ ទន្ទឹមគ្នានេះដែរ វាជួយឲ្យស្បែកជាសះស្បើយពីរបួស និងស្លាកស្នាមផ្សេងៗ។ អត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតរបស់វីតាមីន C គឺមុខងារក្នុងការបង្កើនភាពរឹងមាំរបស់ស្បែក និងធ្វើឲ្យស្បែកសម៉ដ្ឋរលោង។ (https://dermcollective.com/vitamin-c-foods-for-skin/)
បន្ថែមពីលើនេះទៀត វីតាមីន C មានអត្ថប្រយោជន៍ក្នុងការជួយឲ្យសរសៃឈាម ឆ្អឹង និងឆ្អឹងខ្ចីមានសុខភាពល្អ។ ដឹងទេថាតើហេតុអ្វីទើបពួកយើងចូលចិត្តវីតាមីន C? ព្រោះវាមានន័យថាយើងអាចញ៉ាំផ្លែស្ត្របឺរីបានតាមចិត្ត!
យោងតាមឯកសារស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា វិធីដ៏ល្អប្រសើរបំផុតក្នុងការបង្កើនបរិមាណវីតាមីន C នៅក្នុងរបបអាហារ គឺការទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន។ (https://www.hsph.harvard.edu/nutritionsource/vitamin-c/)។
បន្លែដែលសម្បូរវីតាមីន C បំផុត រួមមាន ម្ទេសប្លោក ស្ពៃក្តោប ផ្កាខាត់ណាខៀវ និងដំឡូងបារាំង។ រីឯផ្លែឈើដែលសម្បូរវីតាមីន C បំផុតវិញគឺផ្លែក្រូច គីវី ក្រូចឆ្មា ក្រូចថ្លុង ប៉េងប៉ោះ និងប្រភេទផ្លែប៊ឺរី។
#2 បង្កើនជាតិខ្លាញ់ដែលមានសុខភាពល្អនៅក្នុងរបបអាហាររបស់អ្នក
មានសារធាតុខ្លាញ់២ប្រភេទដែលផ្ដល់ផលវិជ្ជមានសម្រាប់សុខភាព ដែលអ្នកអាចទទួលទានបានដោយគ្មានញ្ហាអ្វីទាំងអស់។
យោងតាមគេហទំព័រ WebMD បានឲ្យដឹងថា៖ «អាស៊ីតខ្លាញ់សំខាន់ៗ ដូចជា អូមេហ្គា 3 និង អូមេហ្គា 6 គឺជាបណ្តុំនៃភ្នាសកោសិកាដែលមានសុខភាពល្អ» ហើយសារធាតុទាំងអស់នេះគឺជា «ធាតុផ្សំដ៏សំខាន់សម្រាប់អ្នកដែលចង់បានរបបអាហារដើម្បីថាំបំប៉នស្បែកបែបធម្មជាតិ»។ (https://www.webmd.com/beauty/features/natural-skin-care-skinny-fats)
លោកអ្នកប្រហែលជាឆ្ងល់ពីអត្ថប្រយោជន៍របស់អូមេហ្គា 3 និងអូមេហ្គា 6 ហើយចង់ថាតើអ្នកអាចស្វែងរកសារធាតុទាំងពីរនេះតាមរបៀបណា? បើចង់ដឹង សូមអានទាំងអស់គ្នា។
បើយោងតាមផលិតផលថែទាំស្បែកបែបធម្មជាតិដែលមានម៉ាកសញ្ញា Aveeno បានលើកឡើងថា សារធាតុអូមេហ្គា 3 មានមុខងារក្នុងការ «រក្សាតុល្យភាពនៃការផលិតប្រេងពីធម្មជាតិរបស់ស្បែក រក្សាតុល្យភាពនៃភាពសំណើមរបស់ស្បែក កាត់បន្ថយការបែកញើស និងកាត់បន្ថយសញ្ញានៃភាពចាស់វ័យ។» (https://www.aveeno.com/journal/breaking-down-omega-3-benefits-skin)
អាហារដែលសម្បូរអូមេហ្គា3 បំផុត រួមមាន ត្រីសាម៉ុង ត្រីម៉ាកែល ត្រីសាឌីន និង គ្រាប់វ៉ាលណាត់ ។
ចំពោះអូមេហ្គា 6 វិញ គឺវាមានមុខងារក្នុងការបង្កើនភាពយឺតពីធម្មជាតិរបស់ស្បែក និងកាត់បន្ថយការរលាក និងការឡើងមុន ហើយថែមទាំងព្យាបាលស្បែកឡើងពណ៌ ផងដែរ។ (https://www.healthline.com/nutrition/omega-3-benefits-on-skin-and-hair)
អាហារដែលមានអូមេហ្គា6 ច្រើនបំផុត រួមមាន សណ្តែកសៀង នំប៉័ងស្រូវសាលី ត្រី គ្រាប់វ៉ាលណាត់ គ្រាប់ល្ពៅ និងស៊ុត។
#3 បង្កើនវីតាមីន A នៅក្នុងរបបអាហាររបស់អ្នក
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាស្បែកស្ងួត រមាស់ ឬជាំ នេះមានន័យថាអ្នកត្រូវការវីតាមីន A បន្ថែមនៅក្នុងរបបអាហាររបស់អ្នក។ វីតាមីន A មានអត្ថប្រយោជន៍ជាច្រើន ដូចជា បង្កើនសមត្ថភាពស្បែកក្នុងការព្យាបាលការខូចខាត ការពារស្បែកពីការឡើងមុន និងកាត់បន្ថយជំងឺស្បែករបកក្រហម។ (https://www.healthshots.com/beauty/skin-care/5-vitamin-a-rich-foods-for-healthy-and-clear-skin/)
លើសពីនេះ វីតាមីន A ជួយរក្សាកម្រិតជាតិទឹកក្នុងខ្លួនឲ្យមានតុល្យភាព។ លទ្ធផលគឺស្បែករបស់អ្នកមានភាពភ្លឺថ្លា និងមានសុខភាពល្អ!
អាហារដែលសម្បូរវីតាមីន A បំផុត រួមមាន ស៊ុត ខ្លាញ់ត្រី ទឹកដោះគោឆៅ ទឹកដោះគោជូរ និងថ្លើម។
មកត្រឹមចំណុចនេះ យើងជឿជាក់ថាអ្នកបានរៀបចំខ្លួនរួចជាស្រេច ក្នុងការប្រែក្លាយស្បែករបស់អ្នកឲ្យស្រស់ស្អាតថែមមួយកម្រិតទៀត!
ប៉ុន្តែចងចាំថា អ្នកត្រូវរក្សារបបអាហារឲ្យមានតុល្យភាព ហើយទទួលទានអាហារទាំងអស់នេះក្នុងកម្រិតមធ្យម។ ទោះបីជាអាហារទាំងអស់នេះមានផលវិជ្ជមាន ប៉ុន្តែលោកអ្នកក៏ចាំបាច់ត្រូវការសារធាតុចិញ្ចឹមដទៃទៀតផងដែរដើម្បីឲ្យរាងកាយដំណើរការបានល្អ។
ប្រសិនបើមានជម្រើស គួរបង្កើនបរិមាណសារធាតុចិញ្ចឹមសំខាន់ៗទាំងអស់នោះតាមរយៈរបបអាហារប្រចាំថ្ងៃរបស់អ្នក ជាជាងការប្រើប្រាស់ថ្នាំបំប៉ន ឬថ្នាំគ្រាប់។ ជៀសវាងការប្រើប្រាស់ថ្នាំបំប៉នដរាបណាមានវេជ្ជបញ្ជាពីវេជ្ជបណ្ឌិត។
អ្នកនឹងទទួលបានស្បែកស្រស់ស្អាត ភ្លឺរលោង និងមានសុខភាពល្អយ៉ាងពិតប្រាកដ ដោយគ្រាន់តែទទួលទានអាហារដែលមានគ្រឿងផ្សំប្រកបដោយសុខភាពល្អ។ អ្នកអាចធ្វើវាបាន។ យើងជឿជាក់លើអ្នក!
Recent Comments