ការអនុវត្តទម្លាប់ថែទាំស្បែកត្រឹមត្រូវតែមួយមុខគត់មិនគ្រប់គ្រាន់នោះឡើយ អ្នកក៏ត្រូវការផ្នត់គំនិតដ៏ត្រឹមត្រូវដូចគ្នា។
យើងម្នាក់ៗសុទ្ធតែចង់បានស្បែកស្រស់ស្អាត មែនឬ?
ពិតណាស់ វាជាគោលដៅដ៏អស្ចារ្យមួយ ប៉ុន្តែពិតណាស់ដើម្បីអាចសម្រេចគោលដៅមួយនេះ គឺពិតជារឿងលំបាកដែលមិនអាចជៀសបាន។
អត្ថបទមួយនេះនឹងផ្ដល់ដំបូន្មានលោកអ្នកពីវិធីក្នុងការកសាងផ្នត់គំនិតវិជ្ជមាន ស្របពេលដែលអ្នកជួបនឹងឧបសគ្គក្នុងទម្លាប់ថែទាំស្បែកប្រចាំថ្ងៃរបស់អ្នក។
គន្លឹះទី១៖ កុំប្រៀបធៀបស្បែករបស់អ្នកជាមួយអ្នកដទៃ
មនុស្សជាច្រើនចូលចិត្តប្រៀបធៀបខ្លួនឯងទៅនឹងរូបថតតារាម៉ូឌែលដែលស្អាតឥតខ្ចោះ ដែលរូបថតទាំងអស់នោះសុទ្ធសឹងតែជារូបថតកែលម្អនៅក្នុងកម្មវិធី Photoshop។ ការធ្វើបែបនេះជាទម្លាប់មិនល្អឡើយ ដែលជះឥទ្ធិពលមិនល្អសម្រាប់ផ្លូវចិត្តរបស់យើង មិនថាលោកអ្នកស្ថិតក្នុងវ័យណាឡើយ។
វាក៏ដូចគ្នាដែរសម្រាប់ស្បែក។
ត្រូវចងចាំថា មនុស្សម្នាក់ៗសុទ្ធសឹងតែមានបញ្ហារៀងៗខ្លួន ទោះបីថាស្បែកមិនមែនជាបញ្ហាមួយក្នុងចំណោមនោះ។
អ្នកគឺជាតួអង្គសំខាន់បំផុតនៅក្នុងដំណើរជីវិតរបស់អ្នក ដូច្នេះត្រូវផ្តោតលើការថែទាំស្បែកខ្លួនឯង ជាជាងប្រៀបធៀបទៅនឹងអ្នកដទៃ។
គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ។
ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដែលស្អាតឥតខ្ចោះ បានត្រឹមតែធ្វើឲ្យយើងអន់ចិត្តនឹងខ្លួនឯងតែប៉ុណ្ណោះ។ លើសពីនេះ អារម្មណ៍តានតឹងទាំងអស់នេះនឹងធ្វើឱ្យស្ថានភាពស្បែករបស់យើងកាន់តែអាក្រក់។ អ្នកគួរជំនួសដោយសកម្មភាពខាងក្រោមនេះវិញ។
គន្លឹះទី ២៖ ផ្តោតលើលទ្ធផល ជាជាងស្វែងរកភាពល្អឥតខ្ចោះ
បើចង់ដឹងថាទម្លាប់ថែទាំស្បែករបស់អ្នកមានប្រសិទ្ធភាពឬអត់ អ្នកគួរប្រៀបធៀបស្បែកអ្នកនៅពេលបច្ចុប្បន្នទៅនឹងសប្តាហ៍មុន ខែមុន ឬឆ្នាំមុន ពេលនោះហើយទើបអ្នកអាចដឹងថាស្បែករបស់អ្នកមានភាពប្រសើរជាងមុនកម្រិតណា។ កាន់តែល្អជាងនេះទៅទៀត អ្នកថតរូបខ្លួនឯងឲ្យបានទៀងទាត់ ហើយរៀបចំវាដូចជាសៀវភៅកំណត់ហេតុអំពីការវិវឌ្ឍនៃសម្រស់របស់អ្នក។
ពេលខ្លះ យើងត្រូវការត្រឹមតែការលើកទឹកចិត្តបន្តិចបន្តួចតែប៉ុណ្ណោះ ដើម្បីរំលឹកខ្លួនឯងឲ្យបន្តរបត់ជីវិតនៃការរស់ប្រកបដោយសុខភាពល្អ ការរក្សារបបអាហារល្អសម្រាប់សុខភាព ក៏ដូចជាការបន្តទម្លាប់ថែទាំស្បែកត្រឹមត្រូវ។
មិនថាលោកអ្នកស្ថិតនៅក្នុងដំណាក់កាលណាមួយក្នុងជីវិតឡើយ លទ្ធផលគឺអាចទៅរួចជានិច្ច។
ប្រសិនបើអ្នកអនុវត្តតាមការណែនាំរបស់អ្នកជំនាញផ្នែកសើស្បែក អ្នកនឹងឃើញភាពប្រសើរឡើងយ៉ាងពិតប្រាកដ។
ទោះបីត្រូវចំណាយពេលយូរប៉ុណ្ណា យើងជឿជាក់ថាអ្នកអាចធ្វើវាបាន!
គន្លឹះទី ៣៖ សាកល្បងផ្លាស់ប្តូរបន្តិចៗ ដើម្បីជៀសវាងការខកចិត្ត
នៅពេលចាប់ផ្ដើមផ្លាស់ប្តូររបបអាហារជាលើកដំបូង វាជារឿងធម្មតា ដែលយើងធ្វើការផ្លាស់ប្តូរជ្រុល ដោយចង់ឃើញលទ្ធផលឆាប់រហ័ស។
ជាក់ស្តែង មានអតិថិជនរបស់យើងម្នាក់បានសម្រេចចិត្តឈប់ជក់បារី ឈប់ទទួលទានអាហារដែលមានជាតិស្ករ ហើយចាប់ផ្ដើមរបបអាហារដែលគ្មានជាតិសាច់ ក្នុងពេលតែមួយ។ ដំបូងគាត់សប្បាយចិត្តនឹងវាណាស់ ប៉ុន្តែមិនយូរប៉ុន្មានក៏ជួបការលំបាកក្នុងការតាំងចិត្តអនុវត្តទម្លាប់មួយនេះ។
ពេលដាក់សម្ពាធមកលើខ្លួនឯងហួសហេតុពេក លទ្ធផលដែលអ្នកទទួលបានគឺត្រឹមតែអារម្មណ៍ខកចិត្តតែប៉ុណ្ណោះ។ យើងណែនាំឲ្យអ្នកធ្វើការផ្លាស់ប្តូរបន្តិចៗម្តង។
គួរកែទម្លាប់របស់អ្នកសន្សឹមៗ ដោយបោះបង់ចោលម្តងមួយៗនូវអាហារ ឬភេសជ្ជៈមិនល្អសម្រាប់សុខភាព ដែលការធ្វើបែបនេះនឹងធ្វើឲ្យដំណើរនៃការផ្លាស់ប្តូររបស់អ្នកប្រកបដោយភាពរីករាយ។
ជៀសវាងផ្នត់គំនិតនៃការកាត់បន្ថយកាល់ឡូរីច្រើនហួសហេតុពេក ពីព្រោះការផ្លាស់ប្តូរបែបនេះបានតែរយៈពេលខ្លីប៉ុណ្នោះ។ អ្នកនឹងវិលមកទម្លាប់ចាស់ជាក់ជាមិនខាន។ ហេតុអ្វីត្រុូវដាក់ការខិតខំយ៉ាងនេះ ហើយចុងក្រោយត្រូវមករកទម្លាប់ដើមដដែល?
អ្នកគួរយកចិត្តទុកដាក់លើលទ្ធផលយូរអង្វែងវិញ។ គួរធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សរឹងមាំនៅគ្រប់ចំណុចទាំងអស់។
អ្នកក៏អាចអនុវត្តផ្នត់គំនិតមួយនេះមកលើការហាត់ប្រាណផងដែរ។ ចាប់ផ្ដើមសន្សឹមៗ ប៉ុន្តែបង្កើនការហ្វឹកហាត់បន្តិចម្តងៗ។
អ្នកក៏អាចអនុវត្តផ្នត់គំនិតនេះដូចគ្នាចំពោះការស្វែងរកផលិតផលសម្រាប់ស្បែករបស់អ្នក។ ជៀសវាងការសាកល្បងផលិតផលច្រើនក្នុងពេលតែមួយ។ ផលវិបាកនោះគឺនៅពេលស្បែកមានប្រតិកម្ម អ្នកមិនអាចកំណត់បានឡើយថាតើផលិតផលមួយណាស័ក្តិសម ឬមិនស័ក្តិសមសម្រាប់ស្បែករបស់អ្នក។
មនុស្សជាច្រើនគិតថាបើសាកល្បងដោយប្រញាប់ប្រញ៉ាល លទ្ធផលក៏បានមកយ៉ាងរហ័សដូចគ្នា ប៉ុន្តែវាមិនពិតឡើយ។ គួរទុកពេលឱ្យខ្លួនអ្នកក្នុងការសាកល្បង ដើម្បីជៀសវាងការខកចិត្ត។
គន្លឹះទី ៤៖ ឲ្យតម្លៃចំពោះលក្ខណៈពិសេសរបស់ខ្លួនយើងម្នាក់ៗ
មនុស្សម្នាក់ៗសុទ្ធសឹងតែមានលក្ខណៈពិសេសខុសប្លែកពីគ្នា។
មិនថាលោកអ្នកមានបញ្ហាស្បែកស្ងួត ការឡើងមុន ជម្ងឺស្បែក ឬស្ថានភាពស្បែកណាមួយឡើយ អ្វីដែលសំខាន់បំផុតនោះគឺបុគ្គលិកលក្ខណៈរបស់អ្នក។
គួររំលឹកខ្លួនឯងឲ្យបានញឹកញាប់ពីថាអ្នកជានរណា អ្វីទៅដែលអ្នកជឿលើ និងពិសេសបំផុតគឺបុគ្គលិកលក្ខណៈរបស់អ្នកដែលពិសេសខុសពីអ្នកដទៃ។
វាគឺជារបៀបក្នុងការបង្កើនថាមពលផ្លូវចិត្ត ទោះបីជាជាអ្នកមានបញ្ហាស្បែកធ្ងន់ធ្ងរក៏ដោយ។
ស្បែកមិនមែនជាកត្តាតែមួួយគត់ដែលកំណត់ពីខ្លួនអ្នកឡើយ ដូច្នេះត្រូវអត់ធ្មត់ ហើយរំលឹកខ្លួនឯងថាអ្នកជាមនុស្សដ៏ពិសេសម្នាក់!
គន្លឹះទី ៥៖ ពិភាក្សាអំពីបញ្ហាស្បែករបស់អ្នកជាមួយនរណាម្នាក់ – មិត្តភ័ក្តិ/អ្នកជំនាញ
ប្រសិនបើបញ្ហាស្បែកធ្វើឲ្យអ្នកមិនសប្បាយចិត្ត ការពិភាក្សាជាមួយអ្នកដទៃអំពីបញ្ហានោះអាចធ្វើឱ្យអារម្មណ៍អ្នកប្រសើរជាងមុន។
មិត្តភ័ក្តិអាចជួយឱ្យអ្នកមើលឃើញពីចំណុចវិជ្ជមាននៅក្នុងជីវិតរបស់អ្នក និងលើកទឹកចិត្តអ្នកឱ្យកែលម្អរបៀបរស់នៃការរស់នៅឲ្យកាន់តែមានសុខភាពល្អ និងទម្លាប់ថែរក្សាស្បែកត្រឹមត្រូវ។
ក្រៅពីនេះ អ្នកអាចរៀបចំការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកសើស្បែក។
នៅ គ្លីនិក អេរ៉ា វេជ្ជបណ្ឌិតរបស់យើងមានភាពរួសរាយរាក់ទាក់ និងមានបទពិសោធច្រើនឆ្នាំក្នុងការព្យាបាលបញ្ហាស្បែកគ្រប់ប្រភេទ។ យើងមានទំនុកចិត្តថាយើងអាចជួយអ្នកក្នុងការស្វែងរកដំណោះស្រាយសើស្បែកដែលត្រឹមត្រូវសម្រាប់ប្រភេទស្បែករបស់អ្នក។
យើងចង់ជួយអ្នកឱ្យទទួលបានជីវិតរស់នៅក្នុងក្ដីសុបិនរបស់អ្នក។ បេសកកម្មរបស់យើងគឺដើម្បីជួយឲ្យអ្នករស់នៅប្រកបដោយភាពរីករាយ និងទំនុកចិត្ត ដោយគ្មានបញ្ហាស្បែកមកញាំញីជីវិតរបស់អ្នក។
Recent Comments